តូក្យូ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នំា២០២២ថា លោក Yoshimasa Hayashi រដ្ឋមន្ត្រីការបរទេសរបស់ប្រទេសជប៉ុន បានថ្លែងនៅថ្ងៃអាទិត្យនេះថា ប្រទេសជប៉ុន នឹងសម្របសម្រួលយ៉ាងជិតស្និទ្ធ ជាមួយសមភាគីក្រុម G7 របស់ខ្លួនក្នុងការសម្រេចចិត្ត ថាតើ ត្រូវដាក់ទណ្ឌកម្មបន្ថែមទៀតប្រឆាំងនឹងរុស្ស៊ីដែរឬទេ ។
គួររំលឹកថា កាលពីថ្ងៃសៅរ៍ សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស អឺរ៉ុប និងកាណាដា បានផ្លាស់ប្តូរដើម្បីរារាំងការចូលដំណើរការរបស់ធនាគាររុស្ស៊ីមួយចំនួន ទៅកាន់ប្រព័ន្ធទូទាត់អន្តរជាតិ ហៅកាត់ថា SWIFT ដែលជាផ្នែកមួយនៃការដាក់ទណ្ឌកម្មបន្ថែមទៀតប្រឆាំងនឹងក្រុងម៉ូស្គូ ខណៈដែលខ្លួនបន្តការវាយលុកមកលើប្រទេសអ៊ុយក្រែន ។
លោក Hayashi បានថ្លែងនៅក្នុងកម្មវិធីទូរទស្សន៍មួយ នៅពេលគេចោទសួរអំពីជំហររបស់ជប៉ុន ក្នុងការបិទធនាគាររុស្ស៊ីពីប្រព័ន្ធ SWIFT ថា “យើងត្រូវតែឆ្លើយតបដោយមើលទៅលើផលប៉ះពាល់លើទីផ្សារហិរញ្ញវត្ថុ” ក៏ដូចជាការផ្លាស់ប្តូរដោយបណ្តាប្រទេសលោកខាងលិចផងដែរ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា