បរទេស៖ អតីតប្រធានាធិបតីអាមេរិកគឺលោក Donald Trump បានអះអាងថា ប្រធានាធិបតី Joe Biden និង អង្គការ NATO បានធ្វើទង្វើ “ល្ងង់” បើប្រៀបធៀបទៅនឹង ភាព “ឆ្លាត” របស់ប្រធានាធិបតីរុស្ស៊ី Vladimir Putin ហើយបានអះអាងថា ជម្លោះរបស់រុស្ស៊ីនៅអ៊ុយក្រែននឹងមិនកើតឡើងឡើយ ក្រោមអាណត្តិប្រធានាធិបតីរបស់លោក។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២២ បានឱ្យដឹងថា លោក Trump បានធ្វើអត្ថាធិប្បាយបែបនេះ ក្នុងអំឡុងពេលសុន្ទរកថានៅឯសន្និសីទសកម្មភាពនយោបាយអភិរក្សនិយម (CPAC) កាលពីថ្ងៃសៅរ៍។ថ្លែងទៅកាន់អ្នកគាំទ្រលោក Trump បានកត់សម្គាល់ថា លោកគឺជាប្រធានាធិបតីអាមេរិកតែមួយគត់នៃសតវត្សទី 21 ដែលមិនត្រួតពិនិត្យសកម្មភាពយោធារបស់រុស្ស៊ីនៅបរទេស។
លោកបានអះអាងទៀតថា «យើងជាប្រទេសឆ្លាត តែនៅពេលនេះ យើងជាប្រទេសឆោតល្ងង់មួយ» ។ លោកបានបន្តដោយបន្ថែមថា “រុស្ស៊ីគោរពអាមេរិក” នៅពេលគាត់កាន់តំណែង ប៉ុន្តែឥឡូវនេះ លោក Joe Biden ត្រូវបានគេមើលឃើញថា “ខ្សោយ” ៕
ប្រែសម្រួលៈ ណៃ តុលា