បរទេស៖ កាសែតស្វីសដ៏គួរឱ្យគោរពមួយ បានផ្សាយថា ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy កាលពីថ្ងៃសៅរ៍ បានស្នើឱ្យសមភាគីគឺប្រទេសស្វីស ដើម្បីដើរតួជាអ្នកសម្របសម្រួលអព្យាក្រឹត រវាងអ៊ុយក្រែននិងរុស្ស៊ី និងជួយធ្វើការឆ្ពោះទៅរក បទឈប់បាញ់រវាងប្រទេសទាំងពីរ។
យោងតាមវែបសាយ Market Bet ចេញផ្សាយកាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២២ បានឱ្យដឹងថា កាសែតស្វីស Daily Tages Angeizer បានផ្សាយថា សំណើទៅលោកប្រធានាធិបតីស្វីស Ignazio Cassis បានកើតឡើងនៅក្នុងបរិបទនៃកិច្ចប្រជុំក្រុមប្រឹក្សា សិទ្ធិមនុស្សនាពេលខាងមុខនៅទីក្រុងហ្សឺណែវ ដែលនឹងចាប់ផ្តើមនៅថ្ងៃចន្ទ ដែលរដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergey Lavrov គ្រោងនឹងចូលរួមនៅថ្ងៃអង្គារផងដែរ។
របាយការណ៍ដែលមិនត្រូវបានបញ្ជាក់ភ្លាមៗ ដោយក្រសួងការបរទេសស្វីសថា លោក Cassis ក៏ដឹកនាំផងដែរនោះ បានលើកឡើងពីបទពិសោធន៍ របស់ស្វីសជាមួយនឹងបញ្ហាបែបនេះ ជាពិសេសកិច្ចខិតខំប្រឹងប្រែងសម្របសម្រួល ដែលធ្វើឡើងដោយប្រទេសស្វីស បន្ទាប់ពីកងកម្លាំងរុស្ស៊ីបានដណ្តើមកាន់កាប់តំបន់គ្រីមៀក្នុងឆ្នាំ 2014។
អ្នកនាំពាក្យក្រសួងលោក Andreas Heller បានប្រាប់សារព័ត៌មាន The Associated Press កាលពីល្ងាចថ្ងៃសៅរ៍ថា លោកមិនអាចបញ្ជាក់ភ្លាមៗថា តើការទំនាក់ទំនងបែបនេះបានកើតឡើងរវាងប្រធានាធិបតីទាំងពីរនោះទេ ប៉ុន្តែបាននិយាយថា ប្រទេសស្វីសបានត្រៀមខ្លួនរួចជាស្រេចក្នុងការផ្តល់ “ការិយាល័យល្អ” របស់ខ្លួនសម្រាប់ការផ្តួចផ្តើមគំនិតបែបនេះ៕
ប្រែសម្រួលៈ ណៃ តុលា