បរទេស៖ រដ្ឋមន្ត្រីក្រសួងការបរទេស នៃប្រទេសតួកគី កាលពីថ្ងៃអាទិត្យម្សិលមិញនេះ បានធ្វើការប្រកាសថា ប្រទេសរបស់លោក នឹងចាប់ផ្តើមធ្វើការពិនិត្យទៅលើ កិច្ចការងាររឹតបន្តឹងការធ្វើដំណើរ ទាំងឡាយដោយកងកម្លាំងកងទ័ពជើងទឹក របស់រុស្សីចូលទៅកាន់សមុទ្រខ្មៅ ហើយក្រោយស្ថានភាពជម្លោះ ជាមួយនឹងអ៊ុយក្រែន ហាក់ដូចជាមិនទាន់ធូរស្រាល នៅឡើយនោះ។
លោករដ្ឋមន្ត្រីបានបញ្ជាក់ថា មកដល់ពេលនេះវាមិនមែនជា ការវាយប្រហារដោយអាកាសម្តង ឬ២ដងនោះឡើយ។ ស្ថានភាពនៅអ៊ុយក្រែន គឺស្តែងចេញជារូបភាពសង្គ្រាម រួចទៅហើយដូចនេះយើងនឹង អនុវត្តទៅតាមគោលការណ៍ច្បាប់ និងកិច្ចព្រមព្រៀងកន្លងមកដោយ មានតម្លាភាពបំផុត ជាពិសេសកិច្ចព្រមព្រៀង Montreux Convention។
គួរឲ្យដឹងដែរថាក្រោមកិច្ចព្រមព្រៀង Montreux Convention ឆ្នាំ១៩៣៦ ដែលបានចែងថា តួកគីមានសិទ្ធក្នុងការបិទច្រក ធ្វើដំណើរទៅកាន់សមុទ្រខ្មៅ ចំពោះនាវាចម្បាំងរបស់ប្រទេសទាំង ឡាយដែលបានធ្វើសកម្មភាព ជាសង្គ្រាមប្រឆាំងទៅនឹង ប្រជាជាតិណាមួយផ្សេងទៀត ។
តែទោះបីជាយ៉ាងណាក្តីតួកគី ក៏បានបញ្ជាក់ដែរថា ប្រទេសនៅតែបើកច្រកជាធម្មតា មិនអាចបិទទាំងស្រុងនោះឡើយ ហើយនឹងអនុញ្ញាតិឲ្យនាវាចម្បាំង ទាំងនោះអាចត្រឡប់ទៅកាន់ ទីតាំងមូលដ្ឋានឈរ ជើងរបស់ខ្លួននៅក្នុង ប្រទេសរុស្សីវិញផងដែរ ៕
ប្រែសម្រួល៖ ស៊ុន លី