ព័ត៌មានអន្តរជាតិ

ចិន អំពាវនាវឲ្យមាន ការសម្រេចចិត្តនយោបាយ ដើម្បីស្តារកិច្ចព្រមព្រៀង​ នុយក្លេអ៊ែរអ៊ីរ៉ង់ ឡើងវិញ

ប៉េកាំង៖ តំណាងអចិន្ត្រៃយ៍របស់ប្រទេសចិន ប្រចាំអង្គការសហប្រជាជាតិ នៅទីក្រុងវីយែន លោក Wang Qun បានជំរុញឱ្យភាគីពាក់ព័ន្ធ ធ្វើការសម្រេចចិត្តនយោបាយ នៅក្នុងដំណាក់កាលចុងក្រោយ នៃកិច្ចចរចានៅទីក្រុងវីយែន ដើម្បីស្វែងរកការស្តារឡើងវិញ នូវកិច្ចព្រមព្រៀង នុយក្លេអ៊ែរអ៊ីរ៉ង់ ឆ្នាំ២០១៥ ។

លោក Wang បានធ្វើការកត់សម្គាល់នៅក្នុងកិច្ចប្រជុំ នៃគណៈកម្មការចម្រុះ ស្តីពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ ដែលត្រូវបានគេស្គាល់ជាផ្លូវការថា ជាផែនការសកម្មភាពទូលំទូលាយរួម (JCPOA) ដែលធ្វើឡើងនៅទីនេះ។

តំណាងមកពីប្រទេសអ៊ីរ៉ង់ រុស្ស៊ី អង់គ្លេស បារាំង និងអាល្លឺម៉ង់ក៏បានចូលរួម កិច្ចប្រជុំនេះផងដែរ ដែលដឹកនាំដោយលោក Enrique Mora អគ្គលេខាធិការរង នៃសេវាកម្មសកម្មភាពខាងក្រៅអឺរ៉ុប។

បេសកជនចិន បានលើកឡើងថា ការចរចាបានឈានចូលដល់ “ដំណាក់កាលសំខាន់ចុងក្រោយ” ហើយភាគីពាក់ព័ន្ធកំពុង “មើលឃើញក្តីសង្ឃឹមនៃការធ្វើឱ្យ JCPOA រស់ឡើងវិញ” ។

លោកបានអំពាវនាវឱ្យគ្រប់ភាគីបង្ហាញប្រាជ្ញា និងការប្តេជ្ញាចិត្តនយោបាយ នៅដំណាក់កាលនេះ ដើម្បីឈានដល់កិច្ចព្រមព្រៀងមួយ ជំនួសឱ្យការធ្លាក់មួយជំហានខ្លី នៃភាពជោគជ័យ។

លោក Wang បានលើកឡើងថា ប្រទេសចិនសរសើរតួនាទីដ៏សំខាន់ ដែលដើរតួដោយអ្នកសម្របសម្រួល សហភាពអឺរ៉ុប (EU) ក្នុងការចរចា ហើយទទួលស្គាល់កិច្ចខិតខំប្រឹងប្រែង របស់ភាគីផ្សេងទៀត ដើម្បីសម្រេចបានកិច្ចព្រមព្រៀងមួយ ដោយបន្ថែមថាការទាមទារស្របច្បាប់ និងសមហេតុផលរបស់អ៊ីរ៉ង់ លើបញ្ហាដែលមិនទាន់សម្រេច គួរតែត្រូវបានដោះស្រាយ ក្នុងលក្ខណៈសមស្របមួយ។ .

លោកបានបន្ថែមថា ប្រទេសចិន នឹងបន្តធ្វើការជាមួយភាគីផ្សេងទៀតទាំងអស់ ដើម្បីស្វែងរកកិច្ចព្រមព្រៀងដំបូងមួយ ពីទស្សនៈនៃការរក្សា JCPOA និងការការពារពហុភាគីនិយម និងរបបមិនរីកសាយភាយជាសកល៕ ប្រែសម្រួល ឈូក បូរ៉ា

To Top