ព័ត៌មានអន្តរជាតិ

Updated៖ ប្រធានាធិបតីអ៊ុយក្រែន អំពាវនាវដល់សហភាពអឺរ៉ុប សម្រាប់ការចូលជាសមាជិកភាព

គៀវ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០២២ថា អ្នកនាំពាក្យប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky កាលពីថ្ងៃចន្ទ បានចុះហត្ថលេខា លើការអំពាវនាវជាផ្លូវការមួយ សម្រាប់សហភាពអឺរ៉ុប ហៅកាត់ថា (EU) ដែលស្នើសុំឱ្យមានការចូលរួម ពីអ៊ុយក្រែន តាមរយៈនីតិវិធីពិសេសថ្មីមួយ នេះបើតាមអ្នកនាំពាក្យ ប្រធានាធិបតីលោក Sergii Nykyforov បានលើកឡើងយ៉ាងដូច្នេះ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ នៅលើបណ្តាញសង្គម Facebook លោក Nykyforov បានលើកឡើងថា ឯកសារនេះគឺជាប្រវត្តិសាស្ត្រ សម្រាប់អ៊ុយក្រែន ។

នៅព្រឹកថ្ងៃដដែល លោក Zelensky បានជំរុញឱ្យ EU ផ្តល់សមាជិកភាពអ៊ុយក្រែន ដោយសារតែការវាយលុករបស់រុស្ស៊ី ប្រឆាំងនឹងអ៊ុយក្រែន។

សភាអ៊ុយក្រែនបានអនុម័ត ក្នុងការអានសេចក្តីព្រាងច្បាប់ដំបូង ស្តីពីការរួមបញ្ចូលគោលដៅរបស់អ៊ុយក្រែន ក្នុងការចូលរួមជាមួយអង្គការអូតង់ (NATO)និងសហភាពអឺរ៉ុប ក្នុងរដ្ឋធម្មនុញ្ញក្នុងឆ្នាំ២០១៩ ។

ក្នុងឆ្នាំ២០១៤ នៅគ្រាដែលអាជ្ញាធរនិយមលោកខាងលិច ឡើងកាន់អំណាច ក្នុងប្រទេសអ៊ុយក្រែន រដ្ឋាភិបាលក្រុងងគៀវ បានបោះបង់ចោលគោលនយោបាយ ពហុភាគីរបស់ខ្លួន ហើយបានកំណត់មាគ៌ាឆ្ពោះ ទៅរកសមាហរណកម្មអឺរ៉ុប ។

លើសពីនេះ សភាបានដកហូតឋានៈ មិនចូលបក្សសម្ព័ន្ធរបស់អ៊ុយក្រែន ដោយបើកផ្លូវសម្រាប់សមាជិកភាពរបស់ខ្លួន នៅក្នុងប្លុកយោធា។

ចាប់តាំងពីពេលនោះមក អ៊ុយក្រែនបានពង្រឹងកិច្ចសហប្រតិបត្តិការ ជាមួយសហភាពអឺរ៉ុប និងបង្កើនទំនាក់ទំនងជាមួយអង្គការ NATO ប៉ុន្តែអង្គការទាំង២មិនបានសន្យា ចំពោះអនាគតសមាជិកភាព របស់ទីក្រុងគៀវភ្លាមៗនោះទេ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top