ព័ត៌មានអន្តរជាតិ

Breaking news:ប្រទេសប៉ូឡូញ បដិសេធមិនបញ្ជូន យន្តហោះចម្បាំងឱ្យអ៊ុយក្រែន ខណៈណាតូបដិសេធមិនបញ្ជូនកងទ័ពទៅជួយ

បរទេស៖ ប្រធានាធិបតីប៉ូឡូញ លោក Andrzej Duda បាននិយាយកាលពីថ្ងៃចន្ទថា ប្រទេសប៉ូឡូញ និងអង្គការណាតូ មិនមែនជាផ្នែកនៃជម្លោះរវាងរុស្ស៊ី និងអ៊ុយក្រែនទេ ដូច្នេះហើយ មិនអាចបញ្ជូនយន្តហោះទៅចូលរួមការប្រយុទ្ធបានទេ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១ ខែមីនា ឆ្នាំ២០២២ បានឱ្យដឹងដោយផ្អែកតាមការលើកឡើងរបស់លោក Andrzej Duda នៅក្នុងសន្និសីទសារព័ត៌មានមួយបន្ទាប់ពីកិច្ចប្រជុំរបស់គាត់ជាមួយអគ្គលេខាធិការអង្គការណាតូលោក Jens Stoltenberg “យើងមិនបញ្ជូនយន្តហោះទៅអ៊ុយក្រែនទេ ព្រោះវានឹងបើកការជ្រៀតជ្រែកយោធានៅក្នុងជម្លោះអ៊ុយក្រែន។ យើងមិនចូលរួមជម្លោះនោះទេ។

លោកបាននិយាយ ដោយបន្ថែមថា ពួកគេកំពុងគាំទ្រអ៊ុយក្រែនជាមួយនឹងជំនួយមនុស្សធម៌។ ប្រធានអង្គការណាតូ លោក Jens Stoltenberg ក៏បានបញ្ជាក់ដែរថា អង្គការ ណាតូ មិនមែនជាផ្នែកនៃជម្លោះនោះទេ ដូច្នេះហើយ មិនត្រូវបញ្ជូនកងទ័ព និងយន្តហោះទៅអ៊ុយក្រែនឡើយ។ ទោះបីជាយ៉ាងណាក៏ដោយ លោកបានបញ្ជាក់ថា ណាតូនឹងបន្តផ្តល់ជំនួយផ្នែកហិរញ្ញវត្ថុ និងយោធាដល់អ៊ុយក្រែន ដូចជាអាវុធប្រឆាំងរថក្រោះ ប្រព័ន្ធការពារដែនអាកាស និងឧបករណ៍យោធាប្រភេទផ្សេងៗទៀត៕

ប្រែសម្រួលៈ ណៃ តុលា

To Top