ព័ត៌មានអន្តរជាតិ

អ៊ីតាលី កំពុងសិក្សា កាត់បន្ថយការពឹងផ្អែកលើ ការនាំចូលឧស្ម័ន ពីប្រទេសរុស្ស៊ី

រ៉ូម៖ នាយករដ្ឋមន្រ្តីលោក Mario Draghi បានប្រាប់សភាកាលពីថ្ងៃអង្គារថា រដ្ឋាភិបាលរបស់ប្រទេសអ៊ីតាលី កំពុងសិក្សាវិធីកាត់បន្ថយការពឹងផ្អែករបស់ប្រទេស លើការនាំចូលឧស្ម័នពីប្រទេសរុស្ស៊ី នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

លោក Draghi បានស្វែងរកការធានាឡើងវិញដល់ប្រជាជនអ៊ីតាលី ដែលមានការព្រួយបារម្ភអំពីការកើនឡើងហានិភ័យសន្តិសុខ និងការឡើងថ្លៃថាមពលដែលកើតចេញពីជម្លោះយោធារុស្ស៊ី និងអ៊ុយក្រែនដែលថា “រដ្ឋាភិបាលកំពុងធ្វើការដោយមិនឈប់ឈរដើម្បីទប់ទល់នឹងផលប៉ះពាល់ដែលអាចកើតមាន”។

តម្លៃ ថាមពល បាន ឡើង ថ្លៃ នៅ អ៊ីតាលី តាំង ពី មុន វិបត្តិ អ៊ុយក្រែន។ យោងតាមវិទ្យាស្ថានជាតិស្ថិតិ (ISTAT) របស់ប្រទេសនេះ តម្លៃថាមពលបានកើនឡើង ២៩,១ ភាគរយនៅក្នុងខែធ្នូ ឆ្នាំ២០២១ និង ៣៨,៦ភាគរយបន្ថែមទៀតនៅក្នុងខែមករា។ ទិន្នន័យបឋមបង្ហាញថា តម្លៃនឹងបន្តកើនឡើងជាលទ្ធផលនៃវិបត្តិ។

លោក Draghi បានកត់សម្គាល់ថា ប្រទេសអ៊ីតាលីបាននាំចូល ៩៥ភាគរយនៃឧស្ម័នធម្មជាតិដែលខ្លួនប្រើប្រាស់ហើយច្រើនជាង ៤០ភាគរយនៃការនាំចូលសរុបរបស់វាមកពីប្រទេសរុស្ស៊ី។ លោកបានលើកឡើងថា ការនាំចូលឧស្ម័នពីប្រទេសរុស្ស៊ី មិនត្រូវបានគេរំពឹងថា នឹងត្រូវផ្អាកនោះទេ ប៉ុន្តែ “វាមានសារៈសំខាន់ណាស់ក្នុងការវាយតម្លៃព្រឹត្តិការណ៍ទាំងអស់”។

ជាមួយនឹងនិទាឃរដូវខិតជិតមកដល់ សីតុណ្ហភាពកើនឡើងនឹងកាត់បន្ថយតម្រូវការឧស្ម័នសម្រាប់កំដៅ។ លោកបានលើកឡើងថា ប្រទេសនេះមានឧស្ម័នចំនួន ២,៥ ពាន់លានម៉ែត្រគូបនៅក្នុងស្តុក ដែលគួរតែអនុញ្ញាតឱ្យវាដោះស្រាយបានចំពោះការរំខាននៅក្នុងការផ្គត់ផ្គង់៕ប្រែសម្រួល ឈូក បូរ៉ា

To Top