នាពេលថ្មីៗកន្លងទៅនេះ យោងតាមលទ្ធផល នៃការស្ទង់ប្រជាមតិមួយ លើករបស់អា មេរិក បានបង្ហាញឱ្យឃើញថា ប្រជាជនអាមេរិក លើសពីពាក់កណ្តាល សម្គាល់ឃើញថា ឆ្នាំ ២០២១ ជា”ឆ្នាំដ៏អាក្រក់បំផុត ក្នុងជីវិតរបស់ពួកគេ” ។ នេះជាសំឡេងរួម របស់ប្រជាជនអាមេរិក ដែលបានឆ្លុះបញ្ចាំងថា សភាពការណ៍សិទ្ធិមនុស្ស របស់អាមេរិកកំពុងមាន ភាពអាប់អួថែមមួយកម្រិតទៀត ។
《របាយការណ៍ស្តីពី ការរំលោភសិទ្ធិមនុស្ស របស់អាមេរិកឆ្នាំ ២០២១ 》ដែលចេញផ្សាយ ដោយរដ្ឋាភិបាលចិន នៅថ្ងៃទី ២៨ ខែកុម្ភៈ បានប្រើប្រាស់ទិន្នន័យលម្អិត និងករណីជាច្រើន ក្នុងន័យបង្ហាញឱ្យឃើញថា ក្នុងរយៈពេលមួយឆ្នាំកន្លងទៅនេះ សហរដ្ឋអាមេរិកមិនត្រឹមតែមិនបានលុបបំបាត់សភាពការណ៍សិទ្ធិមនុស្សដ៏អាក្រក់របស់ខ្លួនប៉ុណ្ណោះទេ ផ្ទុយទៅវិញ ថែមទាំងក៏បែរជាជាប់ជំពាក់បំណុលសិទ្ធិមនុស្សកាន់តែច្រើនផងដែរ ។
គួររំលឹកថា ក្នុងនោះ ការទទួលបរាជ័យ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩ គឺជាការចំអកយ៉ាងខ្លាំងចំពោះអ្វីដែលហៅថា “សិទ្ធិមនុស្សបែបអាមេរិក”ដែលអ្នកនយោបាយអាមេរិកតែងតែអួតអាងនោះ ។ នៅឆ្នាំ ២០២១ អាមេរិកបានរកឃើញករណីឆ្លងជំងឺកូវីដ ១៩ សរុប ៣៤ លាន ៥ សែន ១ ម៉ឺនករណីនិងករណីស្លាប់ដល់ទៅ ៤៨ ម៉ឺននាក់ដែលមានចំនួនលើសពីឆ្នាំ ២០២០ យ៉ាងច្រើន ហើយទិន្នន័យទាំងពីរនេះសុទ្ធតែស្ថិតនៅលំដាប់ទីមួយក្នុងចំណោមបណ្តាប្រទេសនានានៅលើពិភពលោក ។ អាយុកាលរំពឹងទុកជាមធ្យមរបស់ប្រជាជនអាមេរិកបានកានត់បន្ថយ ១.១៣ ឆ្នាំដែលជាកម្រិតធ្លាក់ចុះខ្លាំងបំផុតចាប់តាំងពីបញ្ចប់សង្គ្រាមលោកលើកទីពីរមក ។
លោក Michael Hiltzik អ្នកនិពន្ធនៃទំព័រពិសេសរបស់កាសែត《The Los Angeles Times 》នៃអាមេរិកបានចុះផ្សាយអត្ថបទថា ឆ្នាំ ២០២១ ជាមួយឆ្នាំដ៏ឆោតល្ងង់បំផុតក្នុងប្រវត្តិសាស្ត្រអាមេរិក ។
ក្រៅពីបានទទួលបរាជ័យក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩ ក៏មានកត្តាផ្សេងទៀតជាច្រើនដែលបណ្តាលឱ្យសភាពការណ៍សិទ្ធិមនុស្សរបស់អាមេរិកមានភាពអាប់អួពីមួយថ្ងៃទៅមួយថ្ងៃ ។ យោងតាមរបាយការណ៍នេះបានបង្ហាញឱ្យឃើញថា គ្រាន់តែនៅឆ្នាំ ២០២១ ប៉ុណ្ណោះ សហរដ្ឋអាមេរិកក៏បានកើតហេតុការណ៍បាញ់ប្រហារទ្រង់ទ្រាយធំចំនួន ៦៩៣ លើកទៅហើយដែលកើនឡើង ១០.១ ភាគរយបើប្រៀបធៀបនឹងឆ្នាំ ២០២០ ។ ហេតុការណ៍បាញ់ប្រហារទាំងនេះបានបណ្តាលឱ្យមនុស្សលើសពី ៤ ម៉ឺន ៤ ពាន់នាក់ស្លាប់បាត់បង់ជីវិត ។
ព្រមពេលជាមួយគ្នានេះ នៅឆ្នាំ ២០២១ ក្នុងវិស័យប្រជាធិបតេយ្យដែលអាមេរិកតែងតែឃោសនាបំប៉ាងនោះក៏មិនបានទទួលផ្លែផ្កាអ្វីសោះផងដែរ ។ អ្នកណាក៏នឹកស្មានមិនដល់ថា អាមេរិកដែលអួតអាងថា ខ្លួនជា”ប៉មប្រជាធិបតេយ្យ”មានរដ្ឋចំនួន ៤៩ បានលើកឡើងសេចកី្តព្រាងច្បាប់ចំនួនជាង ៤២០ ដើម្បីដាក់កំហិតទៅលើការបោះឆ្នោតរបស់អ្នកបោះឆ្នោត មានតែយុវជនអាមេរិកចំនួន ៧ ភាគរយប៉ុណ្ណោះដែលសម្គាល់ឃើញថា ប្រព័ន្ធប្រជាធិបតេយ្យរបស់អាមេរិកនៅតែ”មានភាពរឹងមាំ” ដោយឡែកការមានទំនុកចិត្តរបស់ប្រជាជនអាមេរិកចំពោះរដ្ឋាភិបាលគឺ “ខិតជិតកម្រិតទាបបំផុតក្នុងប្រវត្តិសាស្រ្តចាប់តាំងពីឆ្នាំ ១៩៥៨ មក ។
ជាងនេះទៅទៀត ឆ្នាំ ២០២១ រូបភាពរបស់អាមេរិកដែលជា”អ្នកគាំពារសិទ្ធិមនុស្ស”ក៏បានដួលរលំទាំងស្រុងលើឆាកអន្តរជាតិផងដែរ ។ ពីការផ្ទុះព្រឹត្តិការណ៍ចលាចលនៅវិមានរដ្ឋសភាកាលពីខែមករា ដល់ការដកទ័ពចេញពីអាហ្វហ្កានីស្ថានយ៉ាងប្រញាប់ប្រញាល់កាលពីខែសីហា រហូតដល់អ្វីដែលហៅថា “កិច្ចប្រជុំកំពូលស្តីពីប្រជាធិបតេយ្យរបស់មេដឹកនាំ”ដែលរៀបចំធ្វើកាលពីខែធ្នូ ឆ្នាំ ២០២១ បានបញ្ចប់ដោយភាពគួរឱ្យអស់សំណើច អាមេរិកបានបង្ហាញទៅកាន់ពិភពលោកដោយការអនុវត្តជាក់ស្តែងថា តើកេរ្តិ៍ឈ្មោះនៃ”សិទ្ធិមនុស្សបែបអាមេរិក”បានធ្លាក់ចុះយ៉ាងគំហកយ៉ាងដូចម្តេច ។
ការពិតជាក់ស្តែងបានបញ្ជាក់ថា រដ្ឋាភិបាលអាមេរិកនិយាយតែមាត់ថា “ប្រជាធិបតេយ្យ”និង”សិទ្ធិមនុស្ស” តាមការពិត ពួកគេបែរជាបានស្វែងរកតែផលប្រយោជន៍ផ្ទាល់ខ្លួន ពោលគឺ ក្នុងវចនានុក្រមរបស់អ្នកនយោបាយអាមេរិក “សិទ្ធិមនុស្ស”ដែលពួកគេបានឃោសនាបំប៉ោងនោះ តាមពិតទៅ គឺ ធ្វើអនុត្តរភាព ។ ដូច្នេះ ក្នុងមហាសន្និបាតលើកទី ៤៨ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ មានប្រទេសជាច្រើនបានរិះគន់អាមេរិកថា ជា”អ្នកបំផ្លិចបំផ្លាញខ្លាំងបំផុតនៃបុព្វហេតុសិទ្ធិមនុស្សដ៏ធំបំផុត” ។
សូមដាស់តឿនអ្នកនយោបាយអាមេរិកកុំយកបញ្ហាសិទ្ធិមនុស្សធ្វើជាលេសទៀត គួរតែឆ្លុះកញ្ចក់ដើម្បីពិចារណាពីកំហុសរបស់ខ្លួនសិន ៕