បរទេស ៖ ប្រធានាធិបតីអាមេរិក លោក Joe Biden បាននិយាយថា លោក វ្ល៉ាឌីមៀ ពូទីន របស់រុស្ស៊ី ” បានគណនាខុសយ៉ាងធ្ងន់ធ្ងរ” ដោយបញ្ជា ឱ្យមានការឈ្លានពានយោធា លើរដ្ឋជិតខាងរបស់ខ្លួន ដោយអះអាងថា លោកពូទីន បានព្យាយាម “អង្រួនមូលដ្ឋានគ្រឹះ នៃពិភពលោកសេរី” ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២ ខែមីនា ឆ្នាំ២០២២ បានឱ្យដឹងថា លោក Biden បាននិយាយនៅឯការបើកសន្ទរកថា State of the Union របស់គាត់នៅវិមាន Capitol Hill នៅថ្ងៃអង្គារថា “ពេញមួយប្រវត្តិសាស្រ្ត របស់យើង យើងបានរៀនមេរៀននេះ នៅពេលដែលជនផ្តាច់ការ មិនបង់ថ្លៃសម្រាប់ការឈ្លានពាន របស់ពួកគេ ពួកគេបង្កឱ្យមានភាពចលាចលបន្ថែមទៀត” ។
លោក Biden បានអះអាង បន្ថែមទៀតថា “សង្រ្គាមរបស់ពូទីនត្រូវបានគិតទុកជាមុន និងមិនមានការបង្កហេតុ” ខណៈដែលមេដឹកនាំរុស្ស៊ី “បានច្រាន ចោលកិច្ចខិតខំប្រឹងប្រែងខាងការទូត” ហើយ “គិតថាលោកខាងលិច និងណាតូនឹងមិនឆ្លើយតប” ។ លោកបញ្ជាក់ថា លោកពូទីនបានបញ្ចេញ អំពើហឹង្សា និងភាពវឹកវរ ប៉ុន្តែខណៈពេលដែលគាត់អាចទទួលបានប្រាក់ចំណេញ នៅលើសមរភូមិ – គាត់នឹងបង់ថ្លៃបន្តខ្ពស់ក្នុង រយៈពេលវែង៕
ប្រែសម្រួលៈ ណៃ តុលា