ការប្រកួតកីឡាអូឡាំពិក រដូវរងាក្រុងប៉េកាំង បានបិទបញ្ចប់ដោយ គាប់ប្រសើរ ឯការប្រកួត ប៉ារ៉ាឡាំពិករដូវរងាក្រុងប៉េកាំងនឹងខិតជិតចូលមកដល់។
អត្តពលិកពិការនៃ បណ្តាប្រទេសនានា នឹងបន្តជួបជុំគ្នាធ្វើការ ប្រកួតយ៉ាងស្វិតស្វាញ ដើម្បីដណ្តើមកិត្តិយសជូនជាតិ និង បង្ហាញពីស្មារតីអូឡាំពិក។ ទាក់ទិននឹងស្មារតីអូឡាំពិក លោក Xi Jinping ប្រធានរដ្ឋចិនបានអធិប្បាយ ជាច្រើនលើក ក្នុងកាលៈទេសៈខុសៗគ្នា។ ខាងក្រោមនេះ យើងនាំគ្នាស្វែងយល់ ពីប្រសាសន៍ របស់លោកពាក់ព័ន្ធនឹងស្មារតីអូឡាំពិក៖
ស្មារតីអូឡាំពិក ចាក់ឫសយ៉ាងជ្រៅ ក្នុងដួងចិត្តរបស់ប្រជាជន។
ពេលជួបសន្ទនាជាមួយលោក Bach ប្រធានគណៈកម្មាធិការអូឡាំពិកអន្តរជាតិ ព្រមនិងទទួលគ្រឿងឥស្សរិយយ សមាសអូឡាំពិកកាលពីថ្ងៃទី ១៩ កុម្ភៈ ឆ្នាំ២០១៣ លោក Xi Jinping បានលើកឡើងថា ការលេងកីឡាមិនត្រឹមតែ អាចលើកកម្ពស់កម្រិតសុខភាព របស់ប្រជាជនប៉ុណ្ណោះទេ ថែមទាំងអាចជំរុញការយល់ដឹង និងចំណងមិត្តភាព រវាងប្រជាជនមកពីប្រទេសនានា។ ស្មារតីអូឡាំពិក ដែលសាមគ្គីភាព មិត្តភាពនិងសន្តិភាពបានចាក់ឫសយ៉ាងជ្រៅក្នុងដួងចិត្តរបស់ប្រជាជន។
យកឈ្នះលើខ្លួនឯង និងជំនះខ្លួនឯង ពេលទៅសួរសុខទុក្ខគណៈប្រតិភូកីឡាចិន ដែលចូលរួមការប្រកួតកីឡាអូឡាំពិករដូវរងាក្រុង Sochi កាលពីថ្ងៃទី ៧ កុម្ភៈឆ្នាំ ២០១៤ លោក Xi Jinping បានលើកឡើងថា លទ្ធផលមិនត្រឹមតែស្ថិតនៅត្រង់ការឈ្នះមេដាយប៉ុន្មានគ្រឿងទេ តែគឺស្ថិតនៅត្រង់ការបង្ហាញពីស្មារតីអូឡាំពិក យកឈ្នះលើខ្លួនឯងនិងជំនះខ្លួនឯង។
មិនសម្តែងឫកពាពេលជោគជ័យ មិនអាក់អន់ចិត្តពេលបរាជ័យ ពេលទៅសួរសុខទុក្ខគណៈប្រតិភូកីឡាចិនដែលចូលរួមការប្រកួតកីឡាអូឡាំពិកយុវជនក្រុងណានជីងកាលពីថ្ងៃទី ១៥ សីហាឆ្នាំ ២០១៤ លោក Xi Jinping បានលើកឡើងថា រំពឹងថាអ្នកទាំងអស់គ្នាអាចពង្រីកស្មារតីអូឡាំពិកនិងស្មារតីកីឡាចិន មិនសម្តែងឫកពាពេលជោគជ័យ មិនអាក់អន់ចិត្តពេលបរាជ័យ រីករាយជាមួយការប្រកួត ការផ្លាស់បូរ និងការរៀនសូត្រ។
មិនកំណត់វីរជនតាមជោគជ័យឬបរាជ័យ ពេលជួបសន្ទនាជាមួយគណៈប្រតិភូកីឡាចិនដែលចូលរួមការប្រកួតកីឡាអូឡាំពិករដូវក្តៅលើកទី ៣១ កាលពីថ្ងៃទី ២៥ សីហាឆ្នាំ ២០១៦ លោក Xi Jinping បានលើកឡើងថា យើងមិនកំណត់វីរជនតាមជោគជ័យឬបរាជ័យនោះទេ ខណៈដែលវីរជនត្រូវហ៊ានដណ្តើមលេខរៀងទីមួយ។
តើអាចមានការតស៊ូព្យាយាមប៉ុន្មានលើកក្នុងឆាកជីវិត ពេលចុះត្រួតពិនិត្យការងារត្រៀមរៀបចំ ការប្រកួតកីឡាអូឡាំពិកនិងប៉ារ៉ាឡាំពិករដូវរងាក្រុងប៉េកាំងកាលពីថ្ងៃទី ៤ មករាឆ្នាំ ២០២២ លោក Xi Jinping បានលើកឡើងថា តើអាចមានការតស៊ូព្យាយាមប៉ុន្មានលើកក្នុងឆាកជីវិត ការខិតខំគឺមានតម្លៃណាស់។ បើមិនស៊ូទ្រាំនឹងភាពរងា ម្ដេចនឹងមានផ្កាអង្គារសីលក្រអូបឈ្ងុយឈ្ងប់?
យកមេដាយដ៏ល្អបំផុតពេលចុះត្រួតពិនិត្យការងារត្រៀមរៀបចំការប្រកួតកីឡាអូឡាំពិកនិងប៉ារ៉ាឡាំពិករដូវរងាក្រុងប៉េកាំងកាលពីថ្ងៃទី ៤ មករាឆ្នាំ ២០២២ លោក Xi Jinping បានលើកឡើងថា រំពឹងថាអ្នកទាំងអស់គ្នាហ៊ានតស៊ូព្យាយាម បង្ហាញពីមុខមាត់ស្មារតីនិងកម្រិតប្រកួតរបស់អត្តពលិកចិនក្នុងយុគសម័យថ្មី ដើម្បីខិតខំដណ្តើមមេដាយដ៏ល្អបំផុតទាំងការប្រកួត ទាំងសីលធម៌និងឥរិយាបថ។
ចងចាំនូវគោលបំណងដើមនៃកីឡាអូឡាំពិក ពេលថ្លែងក្នុងពិធីបដិសណ្ឋារកិច្ច នៃការប្រកួតកីឡាអូឡាំពិកនិងប៉ារ៉ាឡាំពិក រដូវរងាក្រុងប៉េកាំងកាលពីថ្ងៃទី ៥ កុម្ភៈឆ្នាំ ២០២២ លោក Xi Jinping បានលើកឡើងថា យើងគួរចងចាំនូវគោលបំណង ដើមនៃកីឡាអូឡាំពិក រួមគ្នាគាំពារសន្តិភាពសកល។ កីឡាអូឡាំពិកកើតចេញដើម្បីសន្តិភាព ហើយក៏មានភាពរុងរឿងដោយសារសន្តិភាពដែរ។
អ្នកស្វែងរក និងអ្នកប្រតិបត្តិដ៏រឹងមាំចំពោះឧត្តមគតិអូឡាំពិក ពេលថ្លែងសុន្ទរកថាជាវីដេអូក្នុងពិធីសម្ពោធបើកកិច្ចប្រជុំពេញអង្គលើកទី ១៣៩ នៃគណៈកម្មាធិការអូឡាំពិកអន្តរជាតិកាលពីថ្ងៃទី ៣ កុម្ភៈឆ្នាំ ២០២២ លោក Xi Jinping បានលើកឡើងថា ពី”ពិភពលោកមួយ សុបិនមួយ” នៅឆ្នាំ ២០០៨ ដល់”នាំគ្នាឆ្ពោះទៅអនាគត”នៅឆ្នាំ ២០២២ ប្រទេសចិនបានចូលរួមព្រឹត្តិការណ៍អូឡាំពិកយ៉ាងសកម្ម ផ្សព្វផ្សាយពីស្មារតីអូឡាំពិកយ៉ាងខ្ជាប់ខ្ជួន គឺជាអ្នកស្វែងរកនិងអ្នកប្រតិបត្តិដ៏រឹងមាំចំពោះឧត្តមគតិអូឡាំពិក។
មានអនាគតដ៏ល្អបវរជាមួយគ្នា ពេលជួបសន្ទនាជាមួយលោក Bach ប្រធានគណៈកម្មាធិការអូឡាំពិកអន្តរជាតិកាលពីថ្ងៃទី ២៥ មករាឆ្នាំ ២០២២ លោក Xi Jinping បានលើកឡើងថា ប្រទេសនានាលើពិភពលោកស្ថិតនៅលើទូកយក្សមួយ ជាជាងស្ថិតនៅលើកូនទូកជាង ១៩០ រៀងៗខ្លួន ដើម្បីមានអនាគតដ៏ល្អបវរជាមួយគ្នា ហេតុនេះហើយបានជាប្រទេសចិន បានលើកឡើងពាក្យបាវចនា ”នាំគ្នាឆ្ពោះទៅអនាគត” សម្រាប់ការប្រកួតកីឡាអូឡាំពិក រដូវរងាក្រុងប៉េកាំង៕