បរទេស៖ មន្ត្រីចិន បានស្តីបន្ទោសប្រទេសជប៉ុន ជុំវិញការអំពាវនាវ របស់អតីតនាយករដ្ឋមន្ត្រីជប៉ុន គឺលោក Shinzo Abe ដើម្បីបន្ធូរបន្ថយ គោលការណ៍មិននុយក្លេអ៊ែរ របស់ប្រទេស ហើយពិចារណា ក្នុងការអនុញ្ញាតឱ្យដាក់អាវុធយុទ្ធសាស្ត្រ របស់អាមេរិក ដើម្បីបង្កើនសន្តិសុខ ចំពេលមានភាពតានតឹង ផ្នែកភូមិសាស្ត្រនយោបាយ កើនឡើង។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២ ខែមីនា ឆ្នាំ២០២២ បានឱ្យដឹងថា រដ្ឋាភិបាលទីក្រុងប៉េកាំង បានជំរុញឱ្យរដ្ឋាភិបាលទីក្រុងតូក្យូ “គិតឱ្យស៊ីជម្រៅលើប្រវត្តិសាស្រ្តរបស់ខ្លួន” បន្ទាប់ពីអតីតនាយករដ្ឋមន្ត្រីស្នើ ឱ្យធ្វើជាម្ចាស់ផ្ទះ នៃអាវុធនុយក្លេអ៊ែរ របស់សហរដ្ឋអាមេរិក។
អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Wenbin បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃអង្គារថា “អ្នកនយោបាយជប៉ុនបានផ្សព្វផ្សាយព័ត៌មានភូតកុហក ជាញឹកញាប់ទាក់ទងនឹងកោះតៃវ៉ាន់ ហើយថែមទាំង បាននិយាយខុសឆ្គង ដោយចេតនាដែលបំពាន លើគោលការណ៍មិននុយក្លេអ៊ែរ ទាំងបី របស់ប្រទេសនេះថែមទៀតផង ។
គោលការណ៍ទាំងនោះ រួមមានការហាមប្រាម លើការកាន់កាប់ ការផលិត ឬការអនុញ្ញាតឱ្យដាក់ឱ្យប្រើប្រាស់អាវុធនុយក្លេអ៊ែរ។ ប្រទេសជប៉ុន ដែលជាប្រទេសតែមួយគត់ ដែលធ្លាប់ទទួលរងការវាយប្រហារ ដោយអាវុធនុយក្លេអ៊ែរ បានអនុម័តរដ្ឋធម្មនុញ្ញ សន្តិភាព បន្ទាប់ពីការបរាជ័យរបស់ខ្លួន នៅក្នុងសង្គ្រាមលោកលើកទី២៕
ប្រែសម្រួលៈ ណៃ តុលា