ព័ត៌មានអន្តរជាតិ

មូលដ្ឋានគ្រឹះ ប្រជាធិបតេយ្យ តាមបែបផែនសង្គមនិយមចិន

ឆ្នាំ២០២២នេះ មហាសន្និបាតទាំងពីរ នឹងបើកការប្រជុំរបស់ខ្លួន លើកទី៥ នីតិកាលទី១៣ ដោយមហា សន្និបាតសភាប្រឹក្សានយោបាយ ប្រជាជនទូទាំងប្រទេសចិន (CPPCC) នឹងបើកសន្និបាតរបស់ខ្លួន នៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២២ ហើយមហាសនិ្នបាតសភា តំណាងប្រជាជនទូទាំងប្រទេសចិន (NPC) នឹងបើកមហាសន្និបាតរបស់ខ្លួន នៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០២២។

ជារៀងរាល់ឆ្នាំ ស្ថាប័ននយោបាយសំខាន់ទាំងពីរ របស់ប្រទេសចិនជួបប្រជុំគ្នា ដើម្បីរៀបចំផែនការ សម្រាប់គោលនយោបាយ របស់ប្រទេសចិន ពាក់ព័ន្ធនឹងសេដ្ឋកិច្ច យោធា ពាណិជ្ជកម្ម ការទូត បរិស្ថាន ជាដើម។ ហើយជារៀងរាល់៥ឆ្នាំម្តង មហាសន្និបាតទាំងពីរនេះ នឹងបិទបញ្ចប់នីតិកាលរបស់ខ្លួន។ មហាសន្និបាតទាំងពីរនេះ ជាតំណាងឆន្ទៈរបស់ប្រជាជាតិចិន ហើយជាទម្រង់ពិសេស នៃប្រជាធិបតេយ្យបែបពិគ្រោះយោបល់ និងជាគ្រឹះនៃប្រជាធិបតេយ្យ សម្រាប់មនុស្សជាតិនិយាយរួម និងសម្រាប់លទ្ធិសង្គមនិយម តាមបែបផែនចិននិយាយដោយឡែក។

ពិភពលោកគួរតែមាន ការយល់ដឹងពេញលេញ នូវការវិនិច្ឆ័យដ៏សំខាន់អំពីទម្រង់ និងឧត្តមានុភាពពិសេស នៃនយោបាយប្រជាធិបតេយ្យ បែបពិគ្រោះយោបល់ នៃលទ្ធិសង្គមនិយមតាមបែបផែនចិន។ គោលបំណងនៃការដឹកនាំ របស់បក្សកុម្មុយនីស្តចិន នៅក្នុងការអភិវឌ្ឍប្រជាធិបតេយ្យ របស់ប្រជាពលរដ្ឋ គឺដើម្បីធានា និងគាំទ្រជំហររបស់ប្រជាជន ដែលជាម្ចាស់នៃប្រទេស។ នេះមិនមែនគ្រាន់តែជាពាក្យស្លោក ឬក៏ពាក្យនិយាយរួចពីមាត់ របស់បក្សកុម្មុយនិស្តចិនប៉ុណ្ណោះនោះទេ តែជាការអនុវត្ត នូវរាល់សកម្មភាពនយោបាយ និងសង្គមរបស់ប្រទេស ហើយធានាដល់សិទ្ធរបស់ប្រជាជន ក្នុងការគ្រប់គ្រងកិច្ចការរដ្ឋ សេដ្ឋកិច្ច និងវប្បធម៌ ព្រមទាំងកិច្ចការសង្គម ដែលស្របតាមគោលការណ៍នីតិរដ្ឋ និងអភិបាលកិច្ចជាតិ ប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល។ ជាក់ស្តែងឆ្នាំ២០២១ បរិមាណទូទៅ នៃទំហំសេដ្ឋកិច្ច ចិនបានឡើងដល់ ១៧.៧ទ្រីលានដុល្លារអាមេរិក ដែលបានកាន់លំដាប់ថ្នាក់ទីពីរ លើពិភពលោកដោយនឹងនរ ផលិត ផលក្នុងស្រុកសរុប គឺGDP គិតជាមធ្យមក្នុងមនុស្សម្នាក់ៗ នៃប្រទេសចិន សម្រេចបាន១២០០០ដុល្លារអាមេរិក បានលើសពីកម្រិតគិតជាមធ្យម ក្នុងមនុស្សម្នាក់ៗនៅលើពិភពលោក។

ប្រសិនជាយើងបានអានខ្លឹមសារទាំងស្រុង នៃសៀវភៅ «ប្រវត្តិសាស្រ្តសង្ខេប នៃការងារឃោសនាការ របស់បក្សកុម្មុយនិស្តចិន» នោះយើងនឹងយល់កាន់តែស៊ីជម្រៅ និងកាន់តែច្បាស់ពីគំនិតសង្គមនិយម ជាមួយនឹងចរិតលក្ខណៈពិសេសរបស់ចិន សម្រាប់យុគសម័យថ្មីនៃសតវត្សរ៍ទី២១ ប្រកាន់ខ្ជាប់នូវទស្សនៈរូបធាតុនិយម នៃប្រវត្តិសាស្ត្រ និងទស្សនៈត្រឹមត្រូវ នៃប្រវត្តិសាស្ត្របក្ស ប្រកាន់ខ្ជាប់នូវគោលបំណងដើម ស្វែងរកសច្ចភាពពីតថភាព រក្សាសុចរិតភាព និងនវានុវត្តន៍ ដោយគោរពយ៉ាងម៉ឺងម៉ាត់ នូវដំណោះស្រាយ ជាប្រវត្តិសាស្ត្ររបស់បក្ស បញ្ជាក់ពីសារៈសំខាន់នៃការ លើកតម្កើងកិត្យានុភាពជាតិ ប្រមូលផ្តុំដួងចិត្តប្រជាជន បេសកកម្ម និងភារកិច្ចបណ្តុះធនធានបន្តវេន ជំរុញឱ្យវប្បធម៌ចិនរស់ឡើងវិញ និងអភិវឌ្ឍរូបភាពដោយស្មោះត្រង់ កត់ត្រាប្រវត្តិសាស្រ្តដ៏អស្ចារ្យ និងសមិទ្ធផលសំខាន់ៗ របស់បក្សក្នុងការរំដោះប្រជាជាតិចិនចាកផុតពីភាពក្រីក្រ នាំប្រទេសជាតិឆ្ពោះបន្តនៅលើ មហាវិថីល្បឿនលឿននៃសេដ្ឋកិច្ច និងប្រកៀកស្មារជាមួយ បណ្តាប្រទេសទាំងអស់ នៅលើពិភពលោក ស្របតាមទិសដៅ ទៅកាន់សហគមន៍ជោគវាសនា រួមមនុស្សជាតិ។

ទាំងនេះសុទ្ធតែបានឆ្លុះបញ្ចាំង យ៉ាងពេញលេញ នូវការដាក់ចេញរបស់គណៈកម្មាធិការ មជ្ឈិមបក្សកុម្មុយនិស្តចិន ដែលមានលោកប្រធាន ស៊ី ជីនភីង ជាស្នូល និងមានការចូលរួមផ្តល់យោបល់ និងការសម្រេចពីមហាសន្និបាតទាំងពីរ ដែលបានរៀបរាប់ខាងលើ។

លើសពីនេះ គំនិតផ្តួចផ្តើម «ខ្សែក្រវាត់និងផ្លូវ» គឺជាវិធានការដ៏សំខាន់មួយ ក្នុងការអនុញ្ញាត ឲ្យប្រទេសចិនក្នុងការអនុវត្តការបើកចំហ ចំពោះបរទេសគ្រប់ជ្រុងជ្រោយ ហើយក៏ជាវេទិកាដ៏សំខាន់មួយ ដើម្បីលើកកម្ពស់ការផ្តល់ផលប្រយោជន៍រួម និងឈ្នះ-ឈ្នះនាសម័យបច្ចុប្បន្ននេះ។ ប្រទេសចិនតែងបានបង្កើន ការខិតខំប្រឹងប្រែងរបស់ខ្លួន ទ្វេដង ដើម្បីអនុវត្តគំនិតផ្តួចផ្តើមនេះ ចាប់តាំងពីមជ្ឈដ្ឋានកម្រិតខ្ពស់ និងទស្សនវិស័យទូលំទូលាយ ដោយផ្អែកលើបទពិសោធន៍ ប្រវត្តិសាស្ត្រដ៏សំបូរបែប ហើយនិងត្រូវបំពាក់បំប៉ន ទៅដោយគោលគំនិតនវានុវត្តន៍ ដូច្នេះគំនិតផ្តួចផ្តើមនេះនឹងផ្តល់នូវផលប្រយោជន៍កាន់តែធំនិងកាន់តែច្រើនដល់ប្រជាជននៃប្រទេសទាំងអស់ដែលស្ថិតនៅតាមបណ្តោយផ្លូវសូត្រនេះយ៉ាងជាក់ច្បាស់។ ជាក់ស្តែងក្រៅពីថ្លែងសរសើរចិនថា បានយកចិត្តទុកដាក់ខ្ពស់ និងឈានមុខគេ ក្នុងការផ្តល់ឱសថ គ្រឿងបរិក្ខារវេជ្ជសាស្ត្រ និងវ៉ាក់សាំងការពារជំងឺកូវីដ១៩ ព្រមទាំងការប្តេជា្ញចិត្ត ចូលរួមពង្រឹងយុទ្ធសាស្ត្រ របស់ចិននេះបន្ថែមទៀត សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាថា៖ «ខ្ញុំមានចក្ខុវិស័យ អំពីការពង្រឹងបន្ថែមទៀត នូវគំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ ដែលមានសមត្ថភាព ក្នុងការនាំមកនូវសាមគ្គីភាព ក្នុងចំណោមប្រទេសទាំងអស់ ដើម្បីចូលរួមចំណែក ដល់ដំណើរការស្តារឡើងវិញ។

សន្ទុះវិជ្ជមានដែលសម្រេចបាន ក្រោមគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវចាប់តាំងពីការបង្កើតមក បានរួមចំណែកដល់ការជំរុញ កិច្ចសហប្រតិបត្តិការក្នុងតំបន់ និងពិភពលោក លើហេដ្ឋារចនាសម្ព័ន្ធរឹង និងទន់ សេដ្ឋកិច្ច ពាណិជ្ជកម្ម កាលានុវត្តភាពវិនិយោគ ការផ្លាស់ប្តូរវប្បធម៌ និងការតភ្ជាប់រវាងប្រជាជននិងប្រជាជន»។ គំនិតផ្តួចផ្តើម«ខ្សែក្រវាត់និងផ្លូវ»នេះ មានឬសគល់ពីផ្លូវសូត្របុរាណ ហើយផ្តោតទៅលើទ្វីបអាស៊ី ទ្វីបអឺរ៉ុប និងទ្វីបអាហ្វ្រិក ប៉ុន្តែវាក៏បើកចំហទៅដល់ប្រទេសដទៃទៀតផងដែរ។ បណ្តាប្រទេសនានា ដែលមកពីទ្វីបទាំង៥ គឺទ្វីបអាស៊ី អឺរ៉ុប អាហ្វ្រិក អាមេរិកខាងជើង និងអាមេរិកខាងត្បូង អាចក្លាយជាដៃគូ នៅក្នុងគំនិតផ្តួចផ្តើម«ខ្សែក្រវាត់និងផ្លូវ»នេះ។

គំនិតផ្តួចផ្តើមនេះ គួរតែត្រូវបានអនុវត្តតាម រយៈកិច្ចពិភាក្សាពិគ្រោះយោបល់ យ៉ាងទូលំទូលាយ ហើយគ្រប់គ្នាគួរតែទទួលបាន ផលប្រយោជន៍ពីវា។

ដោយឡែក កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២ លោក Dai Bin តំណាងរងរបស់ប្រទេសចិន ប្រចាំជាអចិន្ត្រៃយ៍ នៅអង្គការសហប្រជាជាតិ បានថ្លែងសុន្ទរកថា ក្នុងកិច្ចប្រជុំថ្នាក់ឯកអគ្គរដ្ឋទូត ដោយអំពានាវឱ្យប្រទេស G77និងចិន បង្កើនសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការ។

លោក Dai Bin បានថ្លែងថា ក្នុងនាមជាយន្តការ សហប្រតិបត្តិការដ៏ធំបំផុត នៃប្រទេសកំពុងអភិវឌ្ឍន៍ យើងគួរប្រកាន់ខ្ជាប់ នូវគំនិតអភិវឌ្ឍន៍ដែលតម្កល់ទុក ប្រជាជនជាស្នូល លើកកម្ពស់យ៉ាងប្រាកដប្រជា នូវកម្រិតជីវភាពរស់នៅ របស់ប្រជាជន។
ប្រទេសចិន ចាត់ទុកការរួបរួមគ្នា ប្រយុទ្ធប្រឆាំងនឹងជំងឺCOVID-19 និងជំរុញការស្តារសេដ្ឋកិច្ចឡើងវិញ ជាការងារសំខាន់។ អនុវត្តពហុភាគីនិយមពិតប្រាកដ គាំពារយ៉ាងមុតមាំ នូវប្រព័ន្ធអន្តរជាតិដែលមានអង្គការ សហប្រជាជាតិជាស្នូល ប្រកាន់ខ្ជាប់នូវគោលការណ៍ ទំនួលខុសត្រូវរួម ប៉ុន្តែមានភាពខុសគ្នា ដាស់តឿនឱ្យប្រទេសអភិវឌ្ឍន៍ បំពេញពាក្យសន្យារបស់ខ្លួន លើវិស័យមូលធន បច្ចេកវិទ្យា និងការកសាងសមត្ថភាព និងគាំទ្រដល់ប្រទេស កំពុងអភិវឌ្ឍន៍ក្នុងការលើកកម្ពស់ សមត្ថភាពអភិវឌ្ឍន៍ដោយឯករាជ្យ ម្ចាស់ការ។ ក្នុងរយៈពេល៣ឆ្នាំខាងមុខ បន្ទាប់ពីបញ្ចប់ជំងឺកូវីដ១៩ ប្រទេសចិននឹងផ្តល់ប្រាក់ ចំនួន៣ពាន់លានដុល្លារអាមេរិកបន្ថែមទៀត ដើម្បីគាំទ្រដល់ការស្តារឡើងវិញ សេដ្ឋកិច្ចនៃប្រទេសកំពុងអភិវឌ្ឍន៍ទាំងឡាយ។ ក្នុងឆ្នាំថ្មី ប្រទេសចិន នឹងរក្សាកិច្ចសហប្រតិបត្តិការយ៉ាងស្អិតល្មួត ជាមួយរដ្ឋសមាជិក នៃប្រទេសG77 និយាយដោយឡែក ដល់ពិភពលោកនិយាយរួម និងចាត់ទុកយ៉ាងមុតមាំ នូវប្រទេសកំពុងអភិវឌ្ឍន៍ទាំងឡាយ ជាដៃគូដ៏ស្មោះត្រង់ និងអាចជឿទុកចិត្តបាន។

ទាំងនេះសុទ្ធសឹងជាសក្ខីភាព ដែលបានគូសបញ្ជាក់ថា អភិបាលកិច្ចប្រទេសចិន មិនត្រឹមផ្តល់ផលប្រយោជន៍ ដល់ប្រជាជនចិនទទួលបាននូវជីវភាព សមរម្យប៉ុណ្ណោះទេ តែថែមទាំងបានផ្តល់នូវទំហំ កាន់តែធំនៃនំខេក ជូនដល់ពិភពលោកថែមទៀតផង។ លើសពីនេះ លោក ស៊ី ជីនភីង ធ្លាប់បានថ្លែងថា ការអភិវឌ្ឍសេដ្ឋកិច្ច មិនអាចប្រើប្រាស់ធនធានធម្មជាតិ ដោយហួសជ្រុល និងបំផ្លាញអេកូបរិស្ថានទេ ឯការអភិរក្សអេកូបរិស្ថាន ក៏មិនមានន័យថាត្រូវលះបង់ចោល ការអភិវឌ្ឍសេដ្ឋកិច្ចនោះដែរ។

ប្រទេសចិនប្រកាន់ខ្ជាប់ទស្សនៈដែលថា ទឹកស្អាតភ្នំបៃតងជាភ្នំមាសភ្នំប្រាក់ បានជំរុញអភិរក្ស និងការគ្រប់គ្រងជាប្រព័ន្ធទាំងភ្នំ ទឹក ព្រៃ ដីស្រែ បឹងបួរ វាលស្មៅ និងវាលខ្សាច់ ចិនបានខិតខំពេញទំហឹង ក្នុងការកសាងអរិយធម៌អេកូឡូស៊ី ខិតខំពេញទំហឹងបង្ការ និងគ្រប់គ្រងការបំពុលបរិស្ថាន ក៏ដូចជាខិតខំពេញទំហឹង ដើម្បីកែលម្អបរិស្ថាន ធ្វើការផលិត និងជីវភាពរស់នៅរបស់ប្រជាជន»។

ជារួម ពិភពលោកបានជឿជាក់ថា ផ្លូវសង្គមនិយមតាមបែបផែនចិន គឺជាមហាវិថីល្បឿនលឿនឆ្ពោះទៅរក ការធ្វើទំនើបកម្មសង្គមនិយម និងជីវិតកាន់តែប្រសើរឡើង សម្រាប់ប្រជាជនចិននិយាយដោយឡែក សម្រាប់មនុស្សជាតិ ទូទៅនិយាយរួម។ វានឹងមិនមានអ្វីភ្ញាក់ផ្អើលនោះទេ ដែលថា ពិភពលោកទាំងមូលបាន ជឿដូចទៅនឹងប្រជាជាតិចិនថា ប្រព័ន្ធទ្រឹស្ដីនៃសង្គមនិយម តាមបែបផែនចិន គឺជាទ្រឹស្តីត្រឹមត្រូវក្នុងការដឹកនាំ បក្សនិងប្រជាជនឆ្ពោះទៅរក ភាពជឿនលឿននៃសង្គមនិយម តាមបែបផែនចិន និងការស្តារភាពអស្ចារ្យឡើងវិញ នៃប្រជាជាតិចិន។ វាគឺជាប្រព័ន្ធទ្រឹស្ដីវិទ្យាសាស្រ្តមួយ ដែលសមស្របទៅតាមពេលវេលា។ ពិភពលោកមិនមានអ្វីសង្ស័យដែលថា សង្គមនិយមតាមបែបផែនចិន គឺជាការធានាជាមូលដ្ឋាន នូវការធ្វើទំនើបកម្ម និងការអភិវឌ្ឍរបស់ចិន។ វាគឺជាប្រព័ន្ធមួយ ដែលមានលក្ខណៈពិសេសចិន ដែលមានភាពខ្លាំងក្លា ច្បាស់លាស់ និងយន្ដការកែលម្អដោយខ្លួនឯង។ ហេតុនេះ មហាសន្និបាតសភាទាំងពីរ របស់ប្រទេសចិន ទើបជាមូលដ្ឋានពិតប្រាកដ នៃលទ្ធិប្រជាធិបតេយ្យ និងជាការសម្រេចចិត្ត របស់ប្រជាជនដែលជាម្ចាស់ប្រទេស និងជាការតម្កល់បាន នូវផលប្រយោជន៍ជាអាទិភាព និងពិតប្រាកដជូនដល់ប្រជាជាតិចិន និងមនុស្សជាតិ នៅលើពិភពលោក៕

ដោយបណ្ឌិត ជា មុនីឫទ្ធិ៖ ប្រធានសមាគម អ្នកស្រាវជ្រាវ​វឌ្ឍនភាពកម្ពុជា-ចិន

To Top