ព័ត៌មានជាតិ

សម្ដេចតេជោ៖ ប្រជាធិបតេយ្យ គ្មានការគោរពច្បាប់ គឺអនាធិបតេយ្យ

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា បានថ្លែងអះអាងថា ប្រជាធិបតេយ្យគ្មានការគោរពច្បាប់ គឺអនាធិបតេយ្យហើយ ខណៈដំណើរការប្រជាធិបតេយ្យរបស់កម្ពុជា បានឈានឡើងជារៀងរាល់ថ្ងៃ ព្រោះកម្ពុជាជាប្រជាធិបតេយ្យនីតិរដ្ឋ ។

ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ អគារបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា នាថ្ងៃ៦ មិថុនា សម្ដេចតេជោ មានប្រសាសន៍ថា ពីមួយថ្ងៃទៅមួយថ្ងៃ កម្ពុជាមានការអភិវឌ្ឍរីកចម្រើនជាដំណាក់កាលៗ ហើយកំពុងដំណើរការនូវប្រជាធិបតេយ្យ និងនីតិរដ្ឋ។ ត្រង់ចំណុចនេះ សម្ដេចណែនាំឲ្យមានការចងចាំច្បាស់ទាំងអស់គ្នា។

សម្ដេចតេជោ មានប្រសាសន៍បន្តថា «ប្រជាធិបតេយ្យដែលគ្មានការគោរពច្បាប់ គឺអនាធិបតេយ្យ បើគិតតែពីអនុវត្តច្បាប់ ដោយមិនបើកសេរីភាព គឺវាផ្ដាច់ការ ។ អីចឹងវាត្រូវអមដំណើរជាមួយគ្នា រវាងប្រជាធិបតេយ្យ នីតិរដ្ឋៗ»។

សម្ដេចតេជោបន្ថែមថា «នៅលើពិភពលោក ក៏គេកំពុងតែធ្វើអាហ្នឹងដែរ ត្រូវមានការគោរពច្បាប់ ពិភពលោកគឺគោរពច្បាប់ ផ្អែកលើច្បាប់ បើមិនផ្អែកលើច្បាប់ ផ្អែកលើកម្លាំងវាមិនវាយពេញពិភពលោកហើយ»។

សម្ដេចនាយករដ្ឋមន្ដ្រី លើកឡើងថា ក្នុងប្រទេសនីមួយៗ បើមិនមានច្បាប់គ្រប់គ្រងនោះទេ អ្នកខ្លាំង នឹងទៅបំពានអ្នកខ្សោយ។ ដូច្នេះ ត្រូវដើរទន្ទឹមគ្នារវាងប្រជាធិបតេយ្យ និងនីតិរដ្ឋ ហើយត្រូវថែរក្សាការពារសន្តិភាព ឲ្យខានតែបានផងដែរ៕

To Top