ព័ត៌មានអន្តរជាតិ

Update: រុស្ស៊ីព្រមានថា ជម្លោះដ៏សំខាន់បន្ទាប់រវាងមហាអំណាចពិភពលោក គឺនឹងពាក់ព័ន្ធនឹងអាវុធបរមាណូ

បរទេស៖ អ្នកការទូតកំពូលរបស់រុស្ស៊ីបានព្រមានថា ជម្លោះដ៏សំខាន់បន្ទាប់រវាងមហាអំណាចពិភពលោក នឹងពាក់ព័ន្ធនឹងអាវុធបរមាណូ ហើយនឹងក្លាយជាមហន្តរាយសម្រាប់មនុស្សជាតិ, ការព្រមាននេះ ចំពេលមានការប្រឈមមុខដាក់គ្នាកាន់តែខ្លាំងជាមួយលោក ខាងលិចជុំវិញការវាយប្រហារយោធា របស់ទីក្រុងម៉ូស្គូលើអ៊ុយក្រែន។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២២ បានឱ្យដឹងថា ទីភ្នាក់ងារសារព័ត៌ មានរដ្ឋរុស្ស៊ី TASS បានរាយការណ៍កាលពីថ្ងៃពុធថា លោក Sergey Lavrov បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន Al-Jazeera ថា “សង្គ្រាមលោកលើកទី3 នឹងក្លាយជាសង្គ្រាមនុយក្លេអ៊ែរដ៏បំផ្លិចបំផ្លាញ” ។

លោកក៏បានអះអាងផងដែរថា ប្រសិនបើអ៊ុយក្រែនទទួលបានអាវុធបរមាណូ នោះគឺរុស្ស៊ី នឹងប្រឈមមុខនឹង “គ្រោះថ្នាក់ពិតប្រាកដ”។ ការកត់សម្គាល់របស់លោក Lavrov ធ្វើឡើងបន្ទាប់ពីលោកបានពន្យល់នៅក្នុងសន្និសិទស្តីពីការរំសាយអាវុធនៅក្រុងហ្សឺណែវកាលពីថ្ងៃអង្គារថា នឹងគ្មានអ្នកឈ្នះ ប្រសិនបើសង្គ្រាមនុយក្លេអ៊ែរនឹងផ្ទុះឡើង។

អ្នកការទូតកំពូលរបស់ទីក្រុងមូស្គូ ដែលបាននិយាយតាមរយៈវីដេអូភ្ជាប់ ក៏បានអំពាវនាវឱ្យសហរដ្ឋអាមេរិកដកក្បាលគ្រាប់ចេញពីអឺរ៉ុបផងដែរ។ លោកក៏បានចោទក្រុងគៀវ ពីបទគំរាមរំលោភលើស្ថានភាពមិនមាននុយក្លេអ៊ែរ របស់ខ្លួនផងដែរ៕

ប្រែសម្រួលៈ ណៃ តុលា

To Top