ព័ត៌មានអន្តរជាតិ

ថៃ បង្ហាញកាលបរិច្ឆេទ សម្រាប់កិច្ចប្រជុំប្រចាំឆ្នាំ APEC ២០២២

បាងកក៖ ប្រទេសថៃ ដែលជាម្ចាស់ផ្ទះនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC) ២០២២ បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ថា កិច្ចប្រជុំប្រចាំឆ្នាំរបស់មេដឹកនាំសេដ្ឋកិច្ច APEC នឹងប្រព្រឹត្តទៅនៅថ្ងៃទី១៨-១៩ ខែវិច្ឆិកា នៅទីក្រុងបាងកក។

កិច្ចប្រជុំជាបន្តបន្ទាប់ចាប់ពីថ្ងៃទី១៤ ខែវិច្ឆិកា រួមទាំងកិច្ចប្រជុំមន្ត្រីជាន់ខ្ពស់ APEC (SOM) និងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី APEC នឹងប្រព្រឹត្តទៅមុនកិច្ចប្រជុំមេដឹកនាំសេដ្ឋកិច្ច APEC នេះបើយោងតាមលោក Thani Thongphakdi លេខាធិការអចិន្ត្រៃយ៍ទទួលបន្ទុកកិច្ចការបរទេសរបស់ប្រទេសថៃ និង APEC 2022 SOM ។

លោកបានលើកឡើងថា ចូលដល់ឆ្នាំទី៣ នៃជំងឺរាតត្បាត ការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ច បានក្លាយជាបញ្ហាបន្ទាន់បំផុតសម្រាប់សេដ្ឋកិច្ចសមាជិកទាំងអស់ ហើយ “យើងត្រូវតែប្រកាន់យកនូវបរិយាប័ន្ន និងនិរន្តរភាពនៅក្នុងយុទ្ធសាស្ត្រកំណើនរបស់យើង តុល្យភាពរវាងសុខភាព សេដ្ឋកិច្ច និងបរិស្ថាន” ។

ការប្រកាសនេះត្រូវបានធ្វើឡើងបន្ទាប់ពីការបញ្ចប់នៃ APEC SOM លើកដំបូងក្នុងឆ្នាំ២០២២ កាលពីសប្តាហ៍មុន ដែលអ្នកចូលរួមមកពីបណ្តាប្រទេសជាសមាជិក បានរំលឹកឡើងវិញនូវការប្តេជ្ញាចិត្តរបស់ពួកគេក្នុងការពង្រឹងសមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់ ការភ្ជាប់ឡើងវិញនូវតំបន់ និងការធានាឡើងវិញនូវនិរន្តរភាពសម្រាប់កំណើននាពេលអនាគត។

នៅខែវិច្ឆិកា ឆ្នាំ២០២១ ប្រទេសថៃ បានចូលកាន់តំណែងជាប្រធាន APEC ពីប្រទេសនូវែលសេឡង់ដោយបានប្រកាសប្រធានបទ សម្រាប់ APEC ឆ្នាំ២០២២ ថា “បើកចំហ និងតភ្ជាប់ តុល្យភាព”៕

ប្រែសម្រួល ឈូក បូរ៉ា

To Top