ព័ត៌មានអន្តរជាតិ

កូរ៉េខាងជើង បាញ់មីស៊ីល មិនស្គាល់អត្ដសញ្ញាណមួយគ្រាប់ ចូលដែនទឹកភាគខាងកើត ប្រទេសរបស់ខ្លួន

សេអ៊ូល៖ អគ្គសេនាធិការចម្រុះ របស់កូរ៉េខាងត្បូង (JCS) បានឲ្យដឹងនៅព្រឹកថ្ងៃសៅរ៍នេះថា កូរ៉េខាងជើង បានបាញ់មីស៊ីលមិនស្គាល់អត្តសញ្ញាណ ដែលសន្មតថាជាមីស៊ីលផ្លោង ចូលទៅក្នុងដែនទឹកភាគខាងកើតរបស់ខ្លួន។

ប្រភពពី JCS បានឲ្យដឹងថា ខ្លួនបានរកឃើញមីស៊ីលផ្លោង ដែលសង្ស័យថា បានបាញ់ចេញពីតំបន់ Sunan ក្នុងទីក្រុងព្យុងយ៉ាង នៅម៉ោងប្រហែល ៨ និង៤០ នាទីព្រឹក នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ។

JCS បានកត់សម្គាល់ នៅក្នុងសេចក្តីថ្លែងការណ៍មួយថា យោធាកូរ៉េខាងត្បូង កំពុងតាមដានស្ថានការណ៍ ពាក់ព័ន្ធ និងរក្សាជំហរត្រៀមការពារ ក្នុងការរៀបចំ សម្រាប់ការបាញ់បង្ហោះបន្ថែមទៀត។ វិមានប្រធានាធិបតី កូរ៉េខាងត្បូង បានកោះប្រជុំជាបន្ទាន់ នៃក្រុមប្រឹក្សាសន្តិសុខជាតិ បន្ទាប់ពីការបាញ់មីស៊ីលខាងលើនេះ។

វាគឺជាការសាកល្បង កាំជ្រួចលើកទី៩ របស់កូរ៉េខាងជើងក្នុងឆ្នាំនេះ។ កូរ៉េខាងជើង បានឲ្យដឹងថា ខ្លួនបានធ្វើការសាកល្បងអភិវឌ្ឍន៍ផ្កាយរណបឈ្លបយកការណ៍កាលពីថ្ងៃទី២៧ ខែកុម្ភៈ ដែលកូរ៉េខាងត្បូង ហៅថាជាការបាញ់បង្ហោះ កាំជ្រួចផ្លោង៕

ប្រែសម្រួល ឈូក បូរ៉ា

To Top