ព័ត៌មានអន្តរជាតិ

G-7 ព្រមានរុស្ស៊ី ពីការដាក់ទណ្ឌកម្មបន្ថែមទៀត នៅក្នុងការអំពាវនាវ ឱ្យបញ្ចប់អរិភាពអ៊ុយក្រែន ជាបន្ទាន់

ញូវយ៉ក៖ អ្នកការទូតកំពូល មកពីក្រុមប្រទេសសេដ្ឋកិច្ចទាំង៧ (G-7) បានអំពាវនាវឱ្យរុស្ស៊ីបញ្ឈប់ជាបន្ទាន់ នូវការវាយលុករបស់ខ្លួន លើអ៊ុយក្រែន និងដកកងកម្លាំងយោធារបស់ខ្លួន ដោយព្រមានពីលទ្ធភាព នៃការដាក់ទណ្ឌកម្មបន្ថែមទៀត។

សេចក្តីថ្លែងការណ៍រួមដែលចេញផ្សាយ ដោយប្រទេសសេដ្ឋកិច្ចធំជាងគេ ចំនួន៧ របស់ពិភពលោក បានពង្រឹងការប្តេជ្ញាចិត្តរបស់ពួកគេ ក្នុងការសម្របសម្រួលការពិន័យសេដ្ឋកិច្ច ដែលផ្តោតលើប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីបេឡារុស្ស លោក Alexander Lukashenko និងអ្នកគាំទ្ររបស់ពួកគេថា ជាការចំណាយពិតប្រាកដ សម្រាប់ការឈ្លានពានអ៊ុយក្រែន កាលពីសប្តាហ៍មុន។

រដ្ឋមន្ត្រីការបរទេសនៃក្រុម G-7 បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “យើងចង់បញ្ជាក់ឱ្យច្បាស់​ដល់ប្រជាជនរុស្ស៊ី និងបេឡារុស្សថា ទណ្ឌកម្មធ្ងន់ធ្ងរ ដែលដាក់ទណ្ឌកម្មលើរុស្ស៊ី និងបេឡារុស្ស គឺជាផលវិបាក និងប្រតិកម្មច្បាស់លាស់ ចំពោះសង្គ្រាមដែលបង្កហេតុ និងអយុត្តិធម៌របស់ប្រធានាធិបតី ពូទីន ប្រឆាំងនឹងអ៊ុយក្រែន” ។

ប្រភពបានឲ្យដឹងថា “ប្រធានាធិបតីពូទីន និងរដ្ឋាភិបាល និងអ្នកគាំទ្ររបស់លោក និងរបបលោក Lukashenka ទទួលខុសត្រូវទាំងស្រុង ចំពោះផលវិបាកសេដ្ឋកិច្ច និងសង្គមនៃទណ្ឌកម្មទាំងនេះ”។

សមាជិក G-7 រួមមាន សហរដ្ឋអាមេរិក កាណាដា បារាំង អាល្លឺម៉ង់ អ៊ីតាលី ជប៉ុន និងចក្រភពអង់គ្លេស ព្រមទាំងសហភាពអឺរ៉ុបផងដែរ។ G-7 បានបណ្តេញរុស្ស៊ីចេញពីក្រុម ដែលពីមុនមកហៅថា G-8 នៅក្នុងឆ្នាំ២០១៤ ជាការឆ្លើយតបទៅ នឹងការឈ្លានពានរបស់ពូទីន និងការបញ្ចូលឧបទ្វីបគ្រីមៀរបស់អ៊ុយក្រែន។

ប្រទេស G-7 បានសម្របសម្រួលកញ្ចប់ទណ្ឌកម្ម យ៉ាងទូលំទូលាយប្រឆាំងនឹងរុស្ស៊ី ដែលរួមមានការកំណត់គោលដៅ ធនាគារធំៗមួយចំនួនរបស់ខ្លួន និងការដកធនាគារមួយចំនួន ចេញពីប្រព័ន្ធផ្ញើសារហិរញ្ញវត្ថុ SWIFT ដែលកំណត់យ៉ាងខ្លាំង ដល់សមត្ថភាពរបស់រុស្ស៊ី ក្នុងដំណើរការប្រតិបត្តិការហិរញ្ញវត្ថុអន្តរជាតិ ដែលជាកិច្ចខិតខំប្រឹងប្រែងដើម្បីក្ស័យធនទីក្រុងម៉ូស្គូ ពីការធ្វើយុទ្ធនាការយោធារបស់ខ្លួនប្រឆាំងនឹងអ៊ុយក្រែន៕ ប្រែសម្រួល ឈូក បូរ៉ា

To Top