ម៉ូស្គូ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានលើកឡើងថា រុស្ស៊ីបានបំពេញបេសកកម្ម អនុវត្តក្នុងការបំផ្លាញហេដ្ឋារចនាសម្ព័ន្ធយោធាសំខាន់ៗរបស់អ៊ុយក្រែន រួមទាំងឃ្លាំងអាវុធ ឃ្លាំងរំសេវ យន្តហោះ និងប្រព័ន្ធការពារដែនអាកាស។
លោក ពូទីន បានឲ្យដឹងនៅក្នុងកិច្ចប្រជុំជាមួយបុគ្គលិកហោះហើរស្ត្រីនៃក្រុមហ៊ុនអាកាសចរណ៍រុស្ស៊ីថា កងកម្លាំងរុស្ស៊ីនឹងបំពេញរាល់កិច្ចការ ដែលបានកំណត់របស់ពួកគេ ហើយប្រតិបត្តិការនៅក្នុងប្រទេសអ៊ុយក្រែន កំពុងដំណើរការស្របតាមផែនការ និងកាលវិភាគ។
ដោយអត្ថាធិប្បាយលើរលកថ្មី នៃទណ្ឌកម្មលោកខាងលិច លោក ពូទីន បានលើកឡើងថា ពួកគេ គឺស្រដៀងទៅនឹង “ការប្រកាសសង្រ្គាម” ។ លោកបានសង្កត់ធ្ងន់ថា មិនចាំបាច់ត្រូវដាក់ឱ្យមានភាពអាសន្ន នៅក្នុងប្រទេសរុស្ស៊ីឡើយ។
លោកប្រធានាធិបតីបានបន្ដថា វាគឺជា “ការសម្រេចចិត្តដ៏លំបាកមួយ” ដើម្បីចាប់ផ្តើមប្រតិបត្តិការយោធាពិសេសមួយនៅក្នុងប្រទេសអ៊ុយក្រែន ប៉ុន្តែមាន “ការគំរាមកំហែងពិតប្រាកដ” ចំពោះប្រទេសរុស្ស៊ី។
លោកពូទីន បានព្រមានថា ប្រសិនបើអ៊ុយក្រែនចូលរួមជាមួយអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង ប្លុកយោធាទាំងមូលមានកាតព្វកិច្ចគាំទ្រក្រុងគៀវដោយយោធា ហើយអ៊ុយក្រែនអាចនឹងចូលទៅក្នុងគ្រីមៀ ដែលនាំឱ្យមានការប៉ះទង្គិចដោយផ្ទាល់រវាងរុស្ស៊ី និងណាតូ៕