ព័ត៌មានអន្តរជាតិ

Update៖ អ៊ុយក្រែន នឹងស្នើដល់ តុលាការយុត្តិធម៌អន្តរជាតិ ចេញសេចក្តីសម្រេចបន្ទាន់ ដើម្បីបញ្ឈប់សកម្មភាព ឈ្លានពានរបស់រុស្ស៊ី

ឡាអេ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០២២ថា ប្រទេសអ៊ុយក្រែន នឹងស្នើឱ្យតុលាការកំពូល របស់អង្គការសហប្រជាជាតិ (UN) នៅថ្ងៃចន្ទនេះ ចេញសេចក្តីសម្រេចបន្ទាន់មួយ ដែលតម្រូវឱ្យរុស្ស៊ីបញ្ឈប់ការឈ្លានពាន មកលើប្រទេសរបស់ខ្លួន ដោយលើកហេតុផលថា ហេតុផលរបស់ក្រុងម៉ូស្គូ សម្រាប់ការវាយប្រហារនេះ គឺផ្អែកលើការបកស្រាយខុស នៃច្បាប់ប្រល័យពូជសាសន៍ ។

ទោះបីជាសេចក្តីសម្រេចរបស់តុលាការ មានកាតព្វកិច្ច ហើយប្រទេសនានាជាទូទៅអនុវត្ត តាមច្បាប់ក៏ដោយ ក៏វាគ្មានមធ្យោបាយផ្ទាល់ ក្នុងការអនុវត្តន៍ច្បាប់នៅឡើយទេ ។

លោក ប្លាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី បានលើកឡើងថា “សកម្មភាពយោធាពិសេស” របស់រុស្ស៊ី គឺចាំបាច់ “ដើម្បីការពារមនុស្សដែលត្រូវបាន ទទួលរងនូវការគំរាមកំហែង និងការប្រល័យពូជសាសន៍” ដែលមានន័យថា អ្នកដែលនិយាភាសាដំបូង ឬតែមួយគត់ គឺរុស្ស៊ី ដែលស្ថិតនៅភាគខាងកើតអ៊ុយក្រែន។

បណ្តឹងរបស់អ៊ុយក្រែន អះអាងថា ការអះអាងអំពីអំពើប្រល័យពូជសាសន៍ គឺមិនពិត ហើយក្នុងករណីណា ក៏ដោយមិនផ្តល់យុត្តិកម្មផ្លូវច្បាប់ សម្រាប់ការលុកលុយនោះទេ។

សំណុំរឿងនេះ បានដាក់នៅតុលាការពិភពលោក ដែលគេស្គាល់ជាផ្លូវការ ថាតុលាការយុត្តិធម៌អន្តរជាតិ ហៅកាត់ (ICJ) ផ្តោតលើការបកស្រាយនៃសន្ធិសញ្ញា ស្តីពីការទប់ស្កាត់អំពើ ប្រល័យពូជសាសន៍ឆ្នាំ១៩៤៨ ដែលចុះហត្ថលេខា ដោយប្រទេសទាំង២ ។ សន្ធិសញ្ញាដាក់ឈ្មោះ ICJ ជាវេទិកាសម្រាប់ដោះស្រាយវិវាទរវាងប្រទេសហត្ថលេខី ។

គួររំលឹកថា កាលពីសប្តាហ៍មុន ក្រុមប្រឹក្សាប្រតិបត្តិ នៃសមាគមអន្តរជាតិនៃអ្នកប្រាជ្ញគិតគូរ ពីករណីប្រល័យពូជសាសន៍ បានចេញសេចក្តីថ្លែងការណ៍មួយ ដោយនិយាយថា លោក ពូទីន កំពុង “ក្លែងបន្លំ” និងប្រើប្រាស់ពាក្យថា “អំពើប្រល័យពូជសាសន៍” ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top