ព័ត៌មានអន្តរជាតិ

Update: ប៉ាគីស្ថាន ចោទមន្រ្តីទូតបរទេសថា ចាត់ទុកប៉ាគីស្ថាន ដូចជា “ទាសករ” និងដាក់សម្ពាធឱ្យខ្លួន ថ្កោលទោសរុស្ស៊ី

បរទេស៖ នាយករដ្ឋមន្រ្តីប៉ាគីស្ថាន លោក Imran Khan បានរិះគន់អ្នកការទូតបរទេស ដែលបានដាក់សម្ពាធទៅលើប្រទេសប៉ាគីស្ថាន ឱ្យចូលរួមក្នុងដំណោះស្រាយ របស់អង្គការសហប្រជាជាតិ ថ្កោលទោសរុស្ស៊ីជុំវិញការវាយប្រហារ យោធារបស់ខ្លួនលើអ៊ុយក្រែន ដោយលោក Imran Khan ចោទអ្នកការទូតបរទេសទាំងនោះថា បានចាត់ទុកប៉ាគីស្ថានដូចជា “ទាសករ” ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០២២ បានឱ្យដឹងថា នៅឯការជួបជុំមួយ កាលពីថ្ងៃអាទិត្យ លោក Khan បានឆ្លើយតបទៅនឹង លិខិតកាលពីថ្ងៃទី ១ ខែមីនា ពីអ្នកការទូតតំណាង ឱ្យបេសកកម្មចំនួន ២២ រួមទាំងប្រទេស នៅក្នុងសហភាពអឺរ៉ុប រួមជាមួយប្រទេសជប៉ុន ស្វីស កាណាដា ចក្រភពអង់គ្លេស និងអូស្ត្រាលី ដែលបានអំពាវនាវឱ្យប៉ាគីស្ថាន ទម្លាក់អព្យាក្រឹតភាពរបស់ខ្លួន និងចូលរួមជាមួយពួកគេ ថ្កោលទោសទីក្រុងម៉ូស្គូ។

លោក Khan បាននិយាយមុនពេល សួរឯកអគ្គរដ្ឋទូត សហភាពអឺរ៉ុបថា តើពួកគេបានសរសេរ “លិខិតបែបនេះទៅកាន់ប្រទេសឥណ្ឌា” ដែលនៅតែអព្យាក្រឹតដែរឬទេ? លោកថា “តើអ្នកគិតយ៉ាងណាចំពោះពួកយើង? តើយើងខ្ញុំជាទាសកររបស់អ្នក ឬក៏ថាអ្វីដែលអ្នកនិយាយ យើងនឹងធ្វើ?» ។

លោក Khan បានអះអាងថា ប៉ាគីស្ថាន បានរងទុក្ខដោយសារពីមុន បានគាំទ្រសកម្មភាពយោធា របស់អង្គការណាតូ នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ហើយបានប្រកាសថា “យើងជាមិត្តនឹងរុស្ស៊ី ហើយយើងក៏ជាមិត្ត ជាមួយអាមេរិកផងដែរ។ យើងជាមិត្តជាមួយចិន និងជាមួយអឺរ៉ុប។ យើងមិននៅក្នុងជំរំណាមួយទេ»៕ ប្រែសម្រួលៈ ណៃ តុលា

To Top