បរទេស៖ នាយករដ្ឋមន្រ្តីហុងគ្រីលោក Viktor Orban បានចុះហត្ថលេខាលើក្រឹត្យដោយហាមឃាត់ការផ្គត់ផ្គង់អាវុធដល់ប្រទេសអ៊ុយក្រែន ដោយពន្យល់ពីការសម្រេចចិត្តដោយតម្រូវការដើម្បីការពារសន្តិសុខរបស់ប្រទេសខ្លួន។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០២២ បានឱ្យដឹងថា នៅក្នុងសេចក្តីថ្លែងការណ៍វីដេអូមួយដែលត្រូវបានផ្សព្វផ្សាយកាលពីថ្ងៃចន្ទនៅលើ Facebook នាយករដ្ឋមន្ត្រីហុងគ្រីបាននិយាយថា ក្រឹត្យនេះត្រូវបានចេញផ្សាយបន្ទាប់ពីការវាយតម្លៃអំពីស្ថានភាពនៅក្នុងប្រទេសអ៊ុយក្រែន។ លោក Orban បាននិយាយថា នៅពេលដែល “សកម្មភាពយោធាកាន់តែខិតទៅជិតព្រំដែនហុងគ្រី” ខ្លួនត្រូវសម្រេចចិត្តហាមឃាត់ការផ្គត់ផ្គង់អាវុធ។
លោក Orban បានបន្ថែមថា «បទបញ្ជានេះបញ្ជាក់យ៉ាងច្បាស់ថា អាវុធមិនអាចដឹកជញ្ជូនពីទឹកដីហុងគ្រី ទៅទឹកដីអ៊ុយក្រែនបានទេ»៕ប្រែសម្រួលៈ ណៃ តុលា

