បរទេស៖ក្រសួងការបរទេសរបស់ប្រទេសចិន កាលពីថ្ងៃអង្គារ បានធ្វើការស្នើសុំឲ្យសហរដ្ឋអាមេរិក ក្នុងការបង្ហាញព័ត៌មានឲ្យកាន់តែច្បាស់និងឆាប់រហ័ស បំផុតអំពីការចោទប្រកាន់ កន្លងមកថារដ្ឋាភិបាល ក្រុងវ៉ាស៊ិនតោនបានប្រើប្រាស់មន្ទីរពិសោធជាច្រើនកន្លែង ក្នុងប្រទេសអ៊ុយក្រែនក្នុងការផលិតអាវុធគិមី។
កាលពីថ្ងៃចន្ទកន្លងមកយោធារុស្សីបានអះអាងថា អជ្ញាធរនៃប្រទេសអ៊ុយក្រែនបានធ្វើការបំផ្លាញ ចោលនូវមន្ទីរពិសោធជាច្រើនកន្លែងដែលរដ្ឋាភិបាលក្រុងមូស្គូ បានជឿជាក់ថាសរុបមានចំនួន ៣០កន្លែងហើយ សុទ្ធតែជាមន្ទីរពិសោធ ដែលមានការគាំទ្រហិរញ្ញវត្ថុ ពីក្រោយដោយសហរដ្ឋអាមេរិកទាំងអស់ និងសុទ្ធតែមានដំណើរការទាំងអស់មុនពេលដែល ត្រូវបានកំទេចចោល។
ទោះបីជាយ៉ាងណាក្តីរដ្ឋាភិបាលក្រុងគៀវ បានបដិសេធថាមិនបានប្រើប្រាស់មន្ទីរពិសោធទាំងនោះដើម្បីធ្វើការផលិតអាវុធគិមីឡើយ។
ថ្លែងនៅក្នុងសន្និសិទកាសែតមួយកាលពី ថ្ងៃអង្គារម្សិលមិញនេះអ្នកនាំពាក្យរបស់ក្រសួងការបរទេសចិនលោក Zhao Lijian បានអះអាងថាមន្ទីរពិសោធជាច្រើនកន្លែងរបស់អ៊ុយក្រែន គ្រាន់តែជាផ្នែកមួយរបស់ ក្រសួងការពារជាតិអាមេរិកប៉ុណ្ណោះពីព្រោះថាមន្ទីរពិសោធសរុបនៅទូទាំងពិភពលោកដែលស្ថិតនៅក្រោមការគ្រប់គ្រងហិរញ្ញវត្ថុដោយអាមេរិកមានចំនួនរហូតទៅដល់៣៣៦មកពីបណ្តាប្រទេសចំនួន៣០៕
ប្រែសម្រួល៖ស៊ុនលី