ព័ត៌មានអន្តរជាតិ

ទណ្ឌកម្មអមនុស្សធម៌ របស់អាមេរិក រារាំងដល់ការចូល ប្រើប្រាស់ឧបករណ៍វេជ្ជសាស្ត្រ របស់ប្រជាជនអ៊ីរ៉ង់

" "

តេអេរ៉ង់៖ ឧបករណ៍ និងបរិក្ខារវេជ្ជសាស្រ្ដមួយចំនួនធំ ដែលងាយស្រួលចូល ប្រើកាលពីអតីតកាល ឥឡូវនេះពិបាកទទួលបានណាស់ គ្រូពេទ្យវះកាត់សរសៃឈាមអ៊ីរ៉ង់លោក Ali បាននិយាយដោយបន្ទោសទណ្ឌកម្ម ទូលំទូលាយអមនុស្សធម៌ ដែលដាក់ដោយសហរដ្ឋអាមេរិក ចំពោះស្ថានភាពកាន់តែអាក្រក់ទៅៗ នៅក្នុងប្រទេសរបស់លោក។

លោក Ali ដែលគ្រាន់តែដាក់ឈ្មោះដំបូង របស់លោកដូចអ្នកសម្ភាសន៍ផ្សេងទៀត នៅក្នុងរឿងនេះបានលើកឡើងថា កង្វះខាតការផ្គត់ផ្គង់ផ្នែកវេជ្ជសាស្រ្ត ជាពិសេសអ្នកដែលមិនមាន ថ្នាំជំនួសក្នុងស្រុកក្នុងប្រទេសអ៊ីរ៉ង់ ដូចជា ថ្នេរវះកាត់ ឧបករណ៍ staplers ឧបករណ៍ angiography និង stents បានបង្កើតបញ្ហាជាច្រើន សម្រាប់អ្នកជំងឺអ៊ីរ៉ង់។

" "

សហរដ្ឋអាមេរិក ក្រោមការដឹកនាំរបស់ អតីតប្រធានាធិបតីលោក ដូណាល់ ត្រាំ បានដកខ្លួនចេញពីកិច្ចព្រមព្រៀង នុយក្លេអ៊ែរឆ្នាំ២០១៥ ហើយក្នុងឆ្នាំ២០១៨ បានដាក់ទណ្ឌកម្មឡើងវិញ លើសាធារណរដ្ឋឥស្លាមអ៊ីរ៉ង់ ដោយរារាំងការនាំចូលគ្រឿង បរិក្ខាពេទ្យរបស់អ៊ីរ៉ង់ ដែលរួមមានថ្នាំពេទ្យជាច្រើន និងសូម្បីតែឧបករណ៍ សង្គ្រោះអាយុជីវិតផងដែរ។

" "

លោកស្រី Maryam អ្នកគ្រប់គ្រងបន្ទប់វះកាត់ នៅមន្ទីរពេទ្យក្នុងទីក្រុងតេអេរ៉ង់ បានលើកឡើងថា “អ្វីគ្រប់យ៉ាងនៅក្នុងវិស័យ សុខាភិបាលអ៊ីរ៉ង់ ត្រូវបានរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដោយការដាក់ទណ្ឌកម្ម” ។

លោកស្រីបានបន្ដថា បញ្ហាមួយទៀត គឺនៅពេលដែលឧបករណ៍ពេទ្យខូច ការជួសជុលវានឹងចំណាយច្រើន ហើយពេលខ្លះក៏មិនអាចទៅរួចដែរ ព្រោះគ្រឿងបន្លាស់ត្រូវនាំចូលពីបរទេស។

លោកស្រីបានរំលឹកថា “នេះគឺផ្ទុយទៅនឹងការពិតដែលថា មុនពេលដាក់ទណ្ឌកម្ម ក្រុមហ៊ុនបរទេសដែលប្រតិបត្តិការ នៅក្នុងប្រទេសអ៊ីរ៉ង់ នឹងផ្តល់ការធានា និងសេវាកម្មក្រោយការលក់ សម្រាប់ផលិតផលរបស់ពួកគេ” ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top