បរទេស៖ លោក Yoon Suk-Yeol ត្រូវបានគេប្រកាសថា បានឈ្នះឆ្នោតក្នុងការប្រកួតប្រជែង ដើម្បីស្នងតំណែងប្រធានាធិបតីកូរ៉េខាងត្បូងពីលោក Moon Jae-in ជាផ្លូវការហើយនៅក្នុង អាណត្តិក្រោយនេះ។
ជាអ្នកនយោបាយបែប អភិរក្សនិយមលោក Yoon Suk Yeol នឹងក្លាយជាប្រធានាធិបតីថ្មី ក្រោយយកឈ្នះគូប្រជែងលោក Lee Jae Myung ជាបេក្ខភាពមកពីគណបក្សកាន់អំណាច បច្ចុប្បន្នហើយវាត្រូវបានគេមើលឃើញថា គឺជាការបោះឆ្នោតដ៏ចម្រូងចម្រាសមួយ ក្នុងប្រវត្តិសាស្ត្ររបស់កូរ៉េខាងត្បូង។
លោក Yoon ដែលត្រូវបានតែងតាំងជាបេក្ខភាព មកពីគណបក្សអំណាចប្រជាជន PPP បានទទួលសម្លេងគាំទ្ររហូតទៅដល់ ៤៨,៦ភាគរយ នៃសម្លេងឆ្នោតសរុប ដែលបានរាប់ ៩៩ភាគរយ ខណៈដែលលោក Lee គឺជាមនុស្សដ៏ជិតស្និទ្ធរបស់ លោកប្រធានាធិបតីបច្ចុប្បន្ន បានទទួលតម្លៃគាំទ្រត្រឹមតែ ៤៧,៨ភាគរយ។
គួរឲ្យដឹងដែរថាមន្ត្រីជាន់ខ្ពស់ម្នាក់ មកពីគណបក្សប្រឆាំងលោក Hong Joon Pyo បានធ្វើការទស្សទាយថា នៅក្រោយការប្រកាសលទ្ធផលនេះ ប្រសិនបើបេក្ខភាព ណាម្នាក់ចាញ់ឆ្នោតនោះ នឹងអាចប្រឈមមុខទៅនឹង ការដាក់ទោសទណ្ឌជាមិនខាន ពីព្រោះថានៅក្នុងយុទ្ធនាការកន្លងមក បេក្ខភាពទាំងពីរបានធ្វើការចោទប្រកាន់គ្នា ធ្ងន់ៗទៅលើករណី ជាប់ចោទមួយចំនួន ៕
ប្រែសម្រួល៖ ស៊ុន លី