ម៉ូស្គូ៖ សង្គ្រាមរបស់រុស្ស៊ីនៅអ៊ុយក្រែន បានឈានចូលដល់សប្តាហ៍ទី៣ នៅថ្ងៃព្រហស្បតិ៍នេះ ដោយមិនមានគោលបំណងណាមួយ ដែលបានបញ្ជាក់នោះទេ ទោះបីជាមនុស្សរាប់ពាន់នាក់ត្រូវបានសម្លាប់ ជនភៀសខ្លួនជាង ២លាននាក់ និងរាប់ពាន់នាក់ត្រូវបានបង្ខំឱ្យរស់នៅក្នុងទីក្រុង ដែលឡោមព័ទ្ធក្រោមការទម្លាក់គ្រាប់បែកមិនឈប់ឈរក៏ដោយ។
អ៊ុយក្រែនបានឲ្យដឹងថា រុស្ស៊ីកំពុងអនុវត្ត “អំពើប្រល័យពូជសាសន៍” ដោយការទម្លាក់គ្រាប់បែកលើមន្ទីរពេទ្យកុមារក្នុងទីក្រុង Mariupol ប៉ុន្ដែភាគីប្រទេសរុស្ស៊ីបានឲ្យដឹងថា របាយការណ៍ទាំងនោះគឺជា “ព័ត៌មានមិនពិត” ដោយសារតែអគារនេះ គឺជាអតីតមន្ទីរពេទ្យសម្ភព ដែលត្រូវបានទាហានកាន់កាប់ជាយូរមកហើយ។
គោលបំណងដែលបានបញ្ជាក់របស់ទីក្រុងមូស្គូក្នុងការកម្ទេចយោធាអ៊ុយក្រែន និងបណ្តេញរដ្ឋាភិបាលជាប់ឆ្នោតគាំទ្រលោកខាងលិចរបស់ប្រធានាធិបតី Volodymyr Zelenskyy នៅតែមិនទាន់អាចសម្រេចបាន ដោយលោក Zelenskyy មិនរង្គោះរង្គើ និងជំនួយយោធាលោកខាងលិច បានហូរកាត់តាមព្រំដែនប៉ូឡូញ និងរ៉ូម៉ានី។
ក្រសួងការពារជាតិអង់គ្លេសបានឲ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះថា ទាហានរុស្ស៊ីដ៏ធំមួយនៅភាគពាយ័ព្យនៃទីក្រុងគៀវ មានការរីកចម្រើនតិចតួចក្នុងរយៈពេលជាងមួយសប្តាហ៍ ហើយកំពុងទទួលរងការខាតបង់ជាបន្តបន្ទាប់។ ប្រភពបានបន្ថែមថា នៅពេលដែលចំនួនអ្នកស្លាប់ និងរបួសកើនឡើង ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន នឹងត្រូវទាញកងកម្លាំងប្រដាប់អាវុធ ដើម្បីជំនួសការខាតបង់នេះ។
លោក ពូទីន បានលើកឡើងថា ការឈានទៅមុខដោយកងកម្លាំងរបស់លោកក្នុងប្រទេសអ៊ុយក្រែនគឺធ្វើទៅតាមផែនការ និងតាមកាលវិភាគ។ រុស្សីបានហៅការលុកលុយរបស់ខ្លួនថាជា “ប្រតិបត្តិការពិសេស” ដើម្បីរំសាយអាវុធអ្នកជិតខាងរបស់ខ្លួន និងបណ្តេញមេដឹកនាំដែលខ្លួនហៅថា “ពួកណាហ្ស៊ី”។
ទណ្ឌកម្មដែលដឹកនាំដោយលោកខាងលិច ដែលរៀបចំឡើងដើម្បីកាត់បន្ថយសេដ្ឋកិច្ច និងរដ្ឋាភិបាលរុស្ស៊ី ពីទីផ្សារហិរញ្ញវត្ថុអន្តរជាតិក៏ចាប់ផ្តើមផ្ទុះឡើងផងដែរ ដោយទីផ្សារភាគហ៊ុនរបស់រុស្ស៊ី និងប្រាក់រូប្លែបានធ្លាក់ចុះ ហើយប្រជាជនរុស្ស៊ីធម្មតាប្រញាប់ប្រញាល់ប្រមូលសាច់ប្រាក់របស់ខ្លួនចេញពីធនាការផងដែរ៕ប្រែសម្រួល ឈូក បូរ៉ា