គៀវ ៖ ទីភ្នាក់ងារសារព័ត៌មាន របស់សភាអ៊ុយក្រែន បានឲ្យដឹងថា ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បានចុះហត្ថលេខា លើច្បាប់មួយ ដើម្បីអនុញ្ញាត ឱ្យមានការរឹបអូសទ្រព្យសម្បត្តិ ដែលគ្រប់គ្រង ដោយរុស្ស៊ី នៅក្នុងប្រទេស អ៊ុយក្រែន ។
ច្បាប់ចែងថា ទ្រព្យសម្បត្តិ ដែលកាន់កាប់ដោយរុស្ស៊ី ឬពលរដ្ឋរុស្ស៊ី អាចត្រូវបានរឹបអូស ដោយអាជ្ញាធរ អ៊ុយក្រែន ដោយគ្មានសំណង ណាមួយឡើយ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ។
គួរបញ្ជាក់ថា ច្បាប់នេះត្រូវបានអនុម័ត ដោយសភាអ៊ុយក្រែន កាលពីថ្ងៃទី០៣ ខែមីនា ក្រោយពីរុស្ស៊ី បាន បើក ប្រតិបត្តិការ យោធាពិសេស ប្រឆាំង នឹង អ៊ុយក្រែន នៅ ថ្ងៃទី ២៤ ខែ កុម្ភៈ ។
គណៈប្រតិភូ នៃភាគីទាំងពីរ បានធ្វើកិច្ចចរចាចំនួន ៣លើក នៅក្នុងប្រទេសបេឡារុស្ស ហើយរដ្ឋមន្ត្រីការបរទេស នៃប្រទេសទាំងពីរ បានជួបប្រជុំគ្នា ក្នុងប្រទេសតួកគី ដើម្បីស្វែង រកដំណោះស្រាយ ចំពោះវិបត្តិនេះ បើទោះបីជាការចរចា បានបញ្ចប់ដោយគ្មាន ការទម្លាយអ្វីគួរឱ្យកត់សម្គាល់ក៏ដោយ ៕
ប្រែសម្រួល ឈូក បូរ៉ា