គៀវ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១១ ខែមីនា ឆ្នំា២០២២ថា ការបាញ់ផ្លោងរបស់រុស្ស៊ី បានវាយប្រហារទៅលើគោលដៅជនស៊ីវិលនៅកណ្តាលទីក្រុង Dnipro របស់អ៊ុយក្រែននៅថ្ងៃសុក្រនេះ ខណៈដែលកងទ័ពរបស់ទីក្រុងម៉ូស្គូ បានខិតទៅជិតទីក្រុង Kyiv ជាកន្លែងដែលក្រុមមន្ត្រីបានលើកឡើងថា រដ្ឋធានីកំពុងត្រូវបានផ្លាស់ប្តូរទៅជា “បន្ទាយ” ។
ជនស៊ីវិលរាប់រយពាន់នាក់នៅតែជាប់គាំង និងស្ថិតក្រោមការបាញ់ប្រហារនៅក្នុងទីក្រុងនានារបស់អ៊ុយក្រែន រួមទាំងការឡោមព័ទ្ធក្រុង Mariupol បន្ទាប់ពីកិច្ចចរចាលើកដំបូងរវាងអ្នកការទូតកំពូលរបស់ទីក្រុងម៉ូស្គូ និងទីក្រុង គៀវ (Kyiv) បានបញ្ចប់កាលពីថ្ងៃព្រហស្បតិ៍ដោយមិនមានការរីកចម្រើនអ្វីឡើយ ។
សេវាសង្គ្រោះបន្ទាន់បានឲ្យដឹងថា នៅព្រឹកព្រលឹមថ្ងៃសុក្រនេះ យន្តហោះចម្បាំងរុស្ស៊ី បានធ្វើអ្វីដែលហាក់ដូចជាការវាយប្រហារដោយផ្ទាល់ជាលើកដំបូងលើក្រុង Dnipro ដោយបានសម្លាប់មនុស្សម្នាក់ ។
សេចក្តីថ្លែងការណ៍របស់សេវាសង្គ្រោះបន្ទាន់បានឲ្យដឹងថា ការវាយប្រហារតាមអាកាសចំនួន៣លើកបានវាយប្រហារទៅលើសាលាមត្តេយ្យ អគារផ្ទះល្វែង និងរោងចក្រស្បែកជើង ។
នៅកន្លែងផ្សេងទៀត យោធាអ៊ុយក្រែនបានព្រមានថា “សត្រូវកំពុងព្យាយាមលុបបំបាត់ការការពាររបស់កងកម្លាំងអ៊ុយក្រែននៅជុំវិញ “តំបន់នៅភាគខាងលិច និងភាគពាយព្យនៃរដ្ឋធានី “ដើម្បីរារាំងទីក្រុង គៀវ” ។
ពួកគេបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “យើងមិនអាចបដិសេធចលនារបស់សត្រូវទៅទិសខាងកើតឆ្ពោះទៅរក ក្រុង Brovary បានទេ” ។
អភិបាលក្រុង គៀវ លោក Vitali Klitschko បានលើកឡើងថា ប្រជាជនពាក់កណ្តាលនៃទីក្រុងបានភៀសខ្លួន ហើយរដ្ឋធានី “ត្រូវបានផ្លាស់ប្តូរទៅជាបន្ទាយ” ៕