យោងតាមប្រព័ន្ធផ្សព្វផ្សាយអ៊ុយក្រែនបានឱ្យដឹងថា ស៊ីរ៉ែនវាយឆ្មក់តាមអាកាស បានបន្លឺឡើងនៅថ្ងៃសៅរ៍នេះនៅក្នុងទីក្រុងជាច្រើន រួមទាំងរដ្ឋធានី គៀវ Odessa, Dnipro និង Kharkiv ។
ជាង២សប្តាហ៍បន្ទាប់ពីទីក្រុងម៉ូស្គូ ធ្វើឱ្យពិភពលោកភ្ញាក់ផ្អើលដោយការឈ្លានពានអ៊ុយក្រែន អង្គការសហប្រជាជាតិ និងអ្នកផ្សេងទៀតបានលើកឡើងថា ខ្លួនអាចនឹងប្រព្រឹត្តឧក្រិដ្ឋកម្មសង្រ្គាមនៅក្នុងទីក្រុងដូចជា Mariupol ដែលជាច្រើនថ្ងៃត្រូវបានរងការវាយប្រហារ ដោយកងកម្លាំងរបស់លោក ប្លាឌីមៀ ពូទីន ។
អ្នកនៅរស់រានមានជីវិត បានព្យាយាមរត់គេចពីការទម្លាក់គ្រាប់បែករបស់រុស្ស៊ី នៅក្នុងទីក្រុងត្រជាក់មួយដែលគ្មានទឹក ឬកម្តៅ និងអស់អាហារ ។ មន្ត្រីអង្គការវេជ្ជបណ្ឌិតគ្មានព្រំដែនបានលើកឡើងថា ស្ថានភាពនេះ “អស់សង្ឃឹម” ។
លោក Stephen Cornish ម្នាក់ក្នុងចំណោមអ្នកដែលដឹកនាំប្រតិបត្តិការសប្បុរសធម៌ នៅអ៊ុយក្រែនបានប្រាប់ទីភ្នាក់ងារព័ត៌មាន AFP ក្នុងបទសម្ភាសន៍មួយថា “មនុស្សរាប់រយពាន់នាក់ … គឺមានចេតនា និងគោលបំណងទាំងអស់ដែលត្រូវបានឡោមព័ទ្ធ” ។
“ការឡោមព័ទ្ធគឺជាការអនុវត្ត នៅមជ្ឈិមសម័យដែលត្រូវបានហាមឃាត់ដោយច្បាប់ទំនើប នៃសង្រ្គាមសម្រាប់ហេតុផលដ៏ល្អ” ។
លោក Volodymyr Zelenskyy ប្រធានាធិបតីអ៊ុយក្រែន បានថ្លែងថា ពួកគេកំពុងព្យាយាមរៀបចំការជម្លៀសចេញពីទីក្រុងដែលត្រូវបានឡោមព័ទ្ធ ប៉ុន្តែកងកម្លាំងរុស្ស៊ីកំពុងរំខានដល់កិច្ចខិតខំប្រឹងប្រែងនេះ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា