LVIV៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២២ថា ទីប្រឹក្សាកំពូលអ៊ុយក្រែន និងមន្ត្រីអ៊ីស្រាអ៊ែលម្នាក់នៅថ្ងៃសៅរ៍នេះ បានបដិសេធប្រឆាំងនឹងរបាយការណ៍ របស់ប្រព័ន្ធផ្សព្វផ្សាយដែលបង្ហាញថា អ៊ីស្រាអ៊ែល ព្យាយាមធ្វើឱ្យអ៊ុយក្រែន ធ្វើតាមការទាមទាររបស់រុស្ស៊ី នៅអំឡុងពេលមានកិច្ចពិភាក្សាគ្នា ។
ប្រទេសអ៊ីស្រាអ៊ែល បានចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងការទូតដើម្បីព្យាយាមបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន។ នាយករដ្ឋមន្ត្រីអ៊ីស្រាអ៊ែល Naftali Bennett បានជួបពិភាក្សាជាមួយប្រធានាធិបតីរុស្ស៊ី លោក ប្លាឌីមៀ ពូទីន ហើយបានសន្ទនាគ្នាតាមទូរស័ព្ទជាមួយប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelenskyy ។
របាយការណ៍ដែលធ្វើឡើងដោយសារព័ត៌មាន Walla របស់អ៊ីស្រាអ៊ែល កាសែត Jerusalem Post និងគេហទំព័រព័ត៌មានអាមេរិក Axios បានស្នើដោយដកស្រង់សម្តីមន្ត្រីអ៊ុយក្រែនដែលមិនបញ្ចេញអត្តសញ្ញាណថា លោក Bennett បានជំរុញឱ្យអ៊ុយក្រែនប្រគល់ឱ្យរុស្ស៊ី ។
ទីប្រឹក្សាអ៊ុយក្រែន លោក Mykhailo Podolyak បានលើកឡើងនៅលើបណ្តាញសង្គម Twitter ថា អ៊ីស្រាអ៊ែល “ដូចជាប្រទេសអន្តរការីដែលមានលក្ខខណ្ឌផ្សេងទៀត មិនផ្តល់ជូនអ៊ុយក្រែនឱ្យយល់ព្រម ចំពោះការទាមទារណាមួយរបស់សហព័ន្ធរុស្ស៊ីនោះទេ” ។ “នេះមិនអាចទៅរួចទេសម្រាប់ហេតុផលយោធា និងនយោបាយ ។ ផ្ទុយទៅវិញ អ៊ីស្រាអ៊ែល ជំរុញឱ្យរុស្ស៊ី វាយតម្លៃព្រឹត្តិការណ៍នេះឱ្យបានគ្រប់គ្រាន់” ។
មន្ត្រីជាន់ខ្ពស់អ៊ីស្រាអ៊ែល ដែលសុំមិនបញ្ចេញឈ្មោះ ដោយសារភាពរសើបនៃបញ្ហានេះ បានហៅរបាយការណ៍នេះថា “មិនពិត” ។
មន្ត្រីរូបនេះបានលើកឡើងថា “គ្មានចំណុចណាដែលលោកនាយករដ្ឋមន្ត្រី Bennett បានផ្តល់ដំបូន្មានដល់ប្រធានាធិបតី Zelenskyy ឱ្យទទួលយកកិច្ចព្រមព្រៀងពីលោក ពូទីន នោះទេពីព្រោះគ្មានកិច្ចព្រមព្រៀងបែបនេះត្រូវបានផ្តល់ជូនដល់អ៊ីស្រាអ៊ែលសម្រាប់ពួកយើងដើម្បីអាចធ្វើដូច្នេះទេ” ។
“ លោក Bennett មិនមានចំណុចណាមួយបានប្រាប់ដល់លោក Zelenskyy ពីរបៀបធ្វើសកម្មភាពនោះទេ ហើយគាត់ក៏មិនមានចេតនាធ្វើអ្វីដែរ” ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា