ព័ត៌មានអន្តរជាតិ

បទវិភាគ៖ មនី្ទរពិសោធន៍ជីវសាស្ត្ររបស់អាមេរិក នៅទូទាំងពិភពលោក បាននិងកំពុងរៀបកលល្បិចអ្វី? 

តាមការផ្សាយដំណឹង នៃប្រព័ន្ធសារព័ត៌មានបរទេសបានឱ្យដឹងថា នាពេលថ្មីៗកន្លងទៅនេះ អង្គការសុខភាពពិភពលោកបានស្នើឱ្យអ៊ុយក្រែនកម្ទេចចោល សារធាតុបង្ករោគដ៏កាចសាហាវដែលស្តុកទុកក្នុងមន្ទីរពិសោធន៍សុខាភិបាល សាធារណៈនៃប្រទេសអ៊ុយក្រែនដើម្បីចៀសវាង កុំឱ្យមេរោគធ្លាយចេញក្នុងសង្រ្គាម និងធ្វើឱ្យប៉ះពាល់ដល់សុខភាព របស់សាធារណៈជន ។ ទាក់ទិននឹងរឿងដែលនាពេលថ្មីៗកន្លងទៅនេះ ផ្នែកយោធារុស្ស៊ីបានបែកធ្លាយពីផែនការយោធាជីវសាស្ត្រ ដែលបានអនុវត្តក្នុងដែនអ៊ុយក្រែនក្រោមការផ្តល់ជំនួយរបស់អាមេរិក សហគមន៍អន្តរជាតិមានការងឿងឆ្ងល់ថា តើអាមេរិកបាននិងកំពុងរៀបកលល្បិចសម្ងាត់អ្វីខ្លះ ?

តាមការផ្សាយដំណឹងថ្មីបំផុត របស់ក្រសួងការពារជាតិរុស្ស៊ីនៅថ្ងៃទី១០ ខែមីនាបានឱ្យដឹងថា ឯកសារបានបង្ហាញថា អាមេរិកនិងសម្ព័ន្ធមិត្តនៃអង្គការណាតូ បានធ្វើការសិក្សាស្រាវជ្រាវពីអាវុធជីវសាស្ត្រក្នុងប្រទេសអ៊ុយក្រែន ភាគីរុស្ស៊ីក៏បានអះអាងថា សកម្មភាពយោធាផ្នែកជីវសាស្រ្ត ដែលអាមេរិកធ្វើនៅអ៊ុយក្រែន វា“ស្រដៀងគ្នានឹងកងលេខ៧៣១ របស់ជប៉ុនដែលបានឈ្លានពានប្រទេសចិន ” ។ បើសិនជាដំណឹងនេះជាដំណឹងពិត នោះអាមេរិកចាំបាច់ត្រូវបកស្រាយឱ្យបានច្បាស់ថា តើគោលបំណងពិតប្រាកដ របស់គម្រោងនេះគឺសំដៅលើអ្វី ?

អ្វីដែលធ្វើឱ្យអ្នកផងកាន់តែងឿងឆ្ងល់ គឺបន្ទាប់ពីប៉ុន្មានថ្ងៃមុនរុស្ស៊ីបានបែកធ្លាយពីដំណឹងពាក់ព័ន្ធ មន្ត្រីអាមេរិកជាច្រើនរូបក៏បានបង្ហាញអាកប្បកិរិយាផ្ទុយគ្នា ។ តាមការពិត មិនថាអាមេរិកចង់បិទបាំងតាមមធ្យោបាយណាក៏ដោយ ក៏ការសិក្សាស្រាវជ្រាវនិងភស្តុតាងជាច្រើនសុទ្ធតែបានបញ្ជាក់ថា នៅទូទាំងពិភពលោក អាមេរិកបានគ្រប់គ្រងមន្ទីរពិសោធន៍ជីវសាស្ត្រ ចំនួនជាង៣រយកន្លែង ក្នុងនោះគម្រោងដែលជាគំរូនោះគឺគម្រោងយោធាជីវសាស្ត្រដែលអាមេរិក បានអនុវត្តនៅសាធារណរដ្ឋជាច្រើនរបស់អតីតសហភាពសូវៀត  ដូចជាអ៊ុយក្រែនជាដើម ។ អំឡុងពេលអាមេរិកអនុវត្តសកម្មភាព យោធាជីវសាស្ត្រនៅអ៊ុយក្រែន ប្រទេសអ៊ុយក្រែនបានកើតករណីឆ្លងជំងឺ  “ខុសប្រក្រតី ” មួយចំនួន ។

កាលពីឆ្នាំ២០១៦ នៅទីក្រុង Kharkov របស់អ៊ុយក្រែន បានផ្ទុះការរីករាលដាលនៃជំងឺផ្ដាសាយជ្រូក បណ្តាលឱ្យទាហានអ៊ុយក្រែន២០នាក់ស្លាប់ និងជាង២រយនាក់ចូលដេកពេទ្យ ។ នៅដើមឆ្នាំ២០២០ ខណៈពេលជំងឺកូវីដ១៩ចាប់ផ្តើមរីករាលដាល ឥស្សរជននយោបាយអ៊ុយក្រែនបាន ចោទសួរអាមេរិកថា មន្ទីរពិសោធន៍ជីវសាស្ត្រដ៏សម្ងាត់របស់អាមេរិកក្នុងដែនអ៊ុយក្រែនកំពុងធ្វើការងារអី ?

ប្រឈមនឹងការចោទ ជាមន្ទិលសង្ស័យដ៏សមហេតុផលរបស់សហគមន៍អន្តរជាតិ អាមេរិកមិនអាចឆ្លើយតបបាន ! ក្នុងនាមជាប្រទេសតែ មួយ គត់នៅលើពិភពលោកដែលមានអាវុធគីមី ក្នុងរយៈពេល២០ឆ្នាំកន្លងមក  អាមេរិកប្រឆាំងជាប់រហូតនូវការបង្កើតយន្តការត្រួតពិនិត្យពហុភាគីនៃ «អនុសញ្ញាហាមមិនឱ្យប្រើប្រាស់អាវុធគីមី»របស់អង្គការសហប្រជាជាតិ ហើយនេះគឺដោយសារមូលហេតុអ្វីដែរ ?

ដោយគិតពិចារណា ដល់សុខភាពរបស់ប្រជាជនសកល អង្គការសុខភាពពិភពលោក ចាំបាច់ត្រូវចាត់ចែងអ្នកជំនាញអន្តរជាតិ ដើម្បីធ្វើការស៊ើបអង្កេតចំពោះមន្ទីរពិសោធន៍ជីវសាស្ត្ររបស់អាមេរិកនៅតំបន់នានាលើពិភពលោក ដូចជាអ៊ុយក្រែនជាដើម ។ អាមេរិកចាំបាច់ត្រូវបំពេញកាតព្វកិច្ចអន្តរជាតិរបស់ខ្លួន ដើម្បីបំភ្លឺការពិតដោយគ្រប់ជ្រុងជ្រោយ ព្រមទាំងទទួលការស៊ើបអង្កេតពហុភាគី ៕

To Top