បរទេស ៖ ក្រសួងការពារជាតិរុស្ស៊ី បានប្រកាសថា ការវាយប្រហារ តាមអាកាសលើកន្លែងហ្វឹកហ្វឺន យោធាអ៊ុយក្រែន កាលពីព្រឹកព្រលឹមថ្ងៃអាទិត្យ គឺបានបណ្តាលឱ្យស្លាប់ “ទាហានស៊ីឈ្នួលបរទេសរហូតដល់ ១៨០ នាក់” ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២២ បានឱ្យដឹងថា ការវាយប្រហាមអាកាសដែលធ្វើឡើងដោយប្រើប្រាស់ “អាវុធរយៈបាញ់ចម្ងាយឆ្ងាយដែលមានភាពជាក់លាក់ខ្ពស់” បានកំណត់គោលដៅ “មជ្ឈមណ្ឌលហ្វឹកហ្វឺននៃកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន” នៅក្នុងភូមិ Starichi និងនៅពហុកោណ Yavoriv ។
យោងតាមអ្នកនាំពាក្យ របស់ក្រសួងការពារជាតិរុស្ស៊ី លោក Igor Konashenkov គឺថា កន្លែងទាំងនេះបានបម្រើជា “មូលដ្ឋានសម្រាប់ការហ្វឹកហ្វឺន និងការសម្របសម្រួល ប្រយុទ្ធរបស់ទាហានស៊ីឈ្នួលបរទេស មុនពេលពួកគេត្រូវបានបញ្ជូន ទៅតំបន់ប្រយុទ្ធដើម្បីប្រយុទ្ធប្រឆាំង នឹងបុគ្គលិកយោធារុស្ស៊ី” ។ ទីតាំងក៏ត្រូវបានគេប្រើដើម្បីទុកដូចដែល លោក Konashenkov បានដាក់វាថា ជា “អាវុធ និងឧបករណ៍យោធា មកពីបរទេស”។
លោក Konashenkov បានបន្ថែមថា “ជាលទ្ធផល នៃការវាយប្រហារ តាមអាកាសនោះ គឺ ទាហានស៊ីឈ្នួលបរទេស រហូតដល់ ១៨០នាក់បានស្លាប់ និងអាវុធបរទេសមួយ ចំនួនធំត្រូវបានបំផ្លាញ” ៕
ប្រែសម្រួលៈ ណៃ តុលា