ព័ត៌មានអន្តរជាតិ

Update: រុស្ស៊ីថា អ្នកជាតិនិយមរបស់អ៊ុយក្រែន ចាប់អ្នកស្រុក និងព្រះសង្ឃ មកធ្វើជាចំណាប់ខ្មាំង និងខែលការពារ

បរទេស៖ ក្រសួងការពារជាតិរុស្ស៊ី បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា អ្នកជាតិនិយមអ៊ុយក្រែនមកពីកងវរសេនាតូច Aidar របស់អ៊ុយក្រែន បានបាញ់អាវុធចេញពីព្រះវិហារ Svyato-Uspensky Nikolo-Vasilievsky នៅក្នុងភូមិ Nikolskoye នៃសាធារណរដ្ឋប្រជាមានិត Donetsk និង “ចាប់អ្នកស្រុក និងព្រះសង្ឃប្រហែល ៣០០នាក់ធ្វើជាចំណាប់ខ្មាំង ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២២ បានឱ្យដឹថា សេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអាទិត្យ គឺ ក្រសួងការពារជាតិរុស្ស៊ីបានបន្ថែមថា ទាហានរុស្ស៊ីបន្ទាប់មកបានចូលទៅក្នុង និងសម្លាប់អ្នកជាតិនិយមមួយចំនួន ខណៈខ្លះទៀតបានរត់គេចខ្លួន។ សេចក្ដីថ្លែងការណ៍នោះបានសរសេរថា «ចំណាប់ខ្មាំងមិនបានរងរបួសទេ ហើយវត្តអារាមក៏មិនត្រូវបានខូចខាតដែរ»។ ក្រសួងការពារជាតិរុស្សីមិនបានផ្តល់ភស្តុតាងសម្រាប់ការអះអាងរបស់ខ្លួនបែបនេះទេ ហើយ RT ក៏មិនអាចផ្ទៀងផ្ទាត់ដោយឯករាជ្យណាមួយបាននោះដែរ។

កន្លងមករដ្ឋាភិបាលទីក្រុងគៀវ បានចោទប្រកាន់រុស្ស៊ីពីការបាញ់ផ្លោងព្រះវិហារ និងអគារស៊ីវិលផ្សេងទៀត រួមទាំងអគារលំនៅដ្ឋានខ្ពស់ៗផងដែរ។ ទន្ទឹមនឹងនោះ ទីក្រុងមូស្គូទទូចថា កងកម្លាំងរបស់ខ្លួនកំពុងកំណត់គោលដៅតែទៅលើទីតាំងយោធា ដូចជា អាកាសយានដ្ឋាន អង្គភាពការពារដែនអាកាស និងស្ថានីយ៍រ៉ាដាតែប៉ុណ្ណោះ។ ក្រសួងការពារជាតិរុស្ស៊ីក៏បានចោទប្រកាន់ ពួកជាតិនិយមអ៊ុយក្រែន ម្តងហើយម្តងទៀតថា បានប្រើប្រាស់ជនស៊ីវិលជាខែលការពារមនុស្ស៕

ប្រែសម្រួលៈ ណៃ តុលា

To Top