ញូវយ៉ក៖ តម្លៃប្រេង បានបន្ដធ្លាក់ចុះ កាលពីថ្ងៃចន្ទ ខណៈពាណិជ្ជករ បាននិងកំពុងតាមដានព័ត៌មានថ្មីៗ ទាក់ទងនឹងជម្លោះរវាងរុស្ស៊ី និងអ៊ុយក្រែន នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
West Texas Intermediate (WTI) សម្រាប់ការចែកចាយខែមេសា បានធ្លាក់ចុះ ៦,៣២ ដុល្លារអាមេរិក ឬ ៥,៨ភាគរយមកនៅត្រឹម ១០៣,០១ ដុល្លារក្នុងមួយបារ៉ែល នៅលើផ្សារហ៊ុន New York Mercantile Exchange។
ប្រេងឆៅប្រភេទ Brent សម្រាប់ចែកចាយនៅខែឧសភា បានធ្លាក់ចុះ ៥,៧៧ដុល្លារ ឬ ៥,១ ភាគរយ មកបិទនៅតម្លៃ ១០៦,៩០ដុល្លារ ក្នុងមួយបារ៉ែល នៅលើផ្សារហ៊ុន London ICE Futures Exchange ។
ពាណិជ្ជករ បាននិងកំពុងសម្លឹងមើល ការចរចាជុំទី៤ យ៉ាងអន្ទះសារវាង គណៈប្រតិភូអ៊ុយក្រែននិងរុស្ស៊ី ដែលបានធ្វើឡើង កាលពីថ្ងៃចន្ទតាមរយៈតំណវីដេអូ ក្រោយពីជំនួបផ្ទាល់ ៣លើកដំបូង មិនទទួលបានផ្លែផ្កា។
លោក Mykhailo Podolyak ដែលជាសមាជិកនៃគណៈប្រតិភូ បានឲ្យដឹងកាលពីថ្ងៃចន្ទថា អ៊ុយក្រែន និងរុស្ស៊ី បានផ្អាកបច្ចេកទេស ក្នុងកិច្ចចរចាសន្តិភាពរបស់ពួកគេ នេះបើតាមទីប្រឹក្សា ប្រធានាធិបតីអ៊ុយក្រែន៕ ប្រែសម្រួល ឈូក បូរ៉ា