ព័ត៌មានអន្តរជាតិ

គេហទំព័រ រដ្ឋាភិបាលអ៊ីស្រាអែល ជាច្រើន រងការវាយប្រហារ តាមអ៊ីនធឺណិត

យេរ៉ូសាឡឹម៖ ក្រុមមន្ត្រីអ៊ីស្រាអែល បានឲ្យដឹងថា គេហទំព័រ រដ្ឋាភិបាលអ៊ីស្រាអែល ជាច្រើន បានបិទអ៊ីនធឺណិត ក្នុងរយៈពេលខ្លីកាលពីថ្ងៃចន្ទ ដោយសារការវាយប្រហារ តាមអ៊ីនធឺណិត ទ្រង់ទ្រាយធំ ។ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិន ស៊ិនហួ។

អគ្គនាយកដ្ឋានអ៊ីនធឺណិតជាតិអ៊ីស្រាអែលបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការវាយប្រហារបដិសេធសេវាកម្ម (DDoS) ត្រូវបានកំណត់អត្តសញ្ញាណលើអ្នកផ្តល់សេវាទំនាក់ទំនង ដែលបណ្តាលឱ្យមានការទប់ស្កាត់ការចូលទៅកាន់គេហទំព័រមួយចំនួន “រួមទាំងគេហទំព័ររដ្ឋាភិបាលផងដែរ”។

សេចក្តីថ្លែងការណ៍បានឲ្យដឹងថា ការវាយប្រហារបានកើតឡើង នៅចន្លោះម៉ោង ៦ ទៅ ៧ៈ៣០នាទី ដោយបន្ថែមថា គេហទំព័រទាំងអស់ត្រូវបានស្ដារឡើងវិញ និងត្រលប់មកវិញតាមអ៊ីនធឺណិតបានជាធម្មតា។

កាសែត Haaretz ជាភាសាហេប្រ៊ូបានរាយការណ៍ថា គេហទំព័ររបស់ការិយាល័យនាយករដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ ក្រសួងសុខាភិបាល និងក្រសួងយុត្តិធម៌ ត្រូវបានគេកំណត់គោលដៅក្នុងអំឡុងពេលវាយប្រហារ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top