ព័ត៌មានអន្តរជាតិ

បទវិភាគ៖ អាមេរិក គួរតែដកយកពុទ្ធិ​ នៃប្រវតិ្តសាស្ត្រ កាន់អាកប្បកិរិយា ប្រកបដោយ វិចារណញ្ញាណ និងភាពប្រាកដប្រជា ចំពោះប្រទេសចិនឡើងវិញ

ថ្ងៃទី១៤ ខែ មីនា តាមម៉ោងក្នុងតំបន់ កិច្ចជំនួបជាន់ខ្ពស់រវាងចិន និងអាមេរិកមួយលើកទៀត បានបើកធ្វើនៅក្រុងរ៉ូម រដ្ឋធានីអ៊ីតាលី ភាគីទាំងពីរបានធ្វើការផ្លាស់ប្តូរ ប្រកបដោយភាពស្មោះត្រង់ ស៊ីជម្រៅនិងចរចា ជាលក្ខណៈស្ថាបនា អំពីទំនាក់ទំនង រវាងចិននិងអាមេរិក ព្រមនិងបញ្ហាក្ដៅគគុក របស់អន្តរជាតិ ហើយបានឯកភាពគ្នាថា នឹងរួមគ្នាអនុវត្តគំនិតឯកភាពរួម របស់ប្រមុខរដ្ឋប្រទេសទាំងពីរ ក្នុងន័យបង្កបង្កើត ជាលក្ខណៈសម្បតិ្ត ដើម្បីជំរុញឱ្យទំនាក់ទំនងរវាងចិន និងអាមេរិក វិលទៅកាន់ផ្លូវត្រឹមត្រូវ នៃការអភិវឌ្ឍប្រកបដោយ ភាពរឹងមាំនិងនឹងនរ ។

នេះជាកិច្ចជំនួបជាន់ខ្ពស់ទល់មុខគ្នា រវាងចិននិងអាមេរិក ជាលើកដំបូង បន្ទាប់ពីកិច្ចជំនួបកំពូល តាមប្រព័ន្ធវីដេអូ រវាងប្រមុខរដ្ឋចិន និងអាមេរិក កាលពីខែវិច្ឆិកា ឆ្នាំ២០២១មក ។ ក្នុងរយៈពេលជិត៤ខែកន្លងមក ប្រទេសចិន បានធ្វើកិច្ចខិតខំប្រឹងប្រែង ជាប់ជានិច្ច ដើម្បីអនុវត្តគំនិតឯកភាពរួម របស់ប្រមុខរដ្ឋ នៃប្រទេសទាំងពីរ ប៉ុន្តែពាក្យសន្យារបស់អាមេរិក បែរជារសាត់តាមខ្យល់រហូត។ ចាប់ពីអាមេរិក បានប្រកាសថា នឹងលក់អាវុធទៅឱ្យតៃវ៉ាន់ ចាប់បញ្ជូនមន្ត្រីទៅកាន់តៃវ៉ាន់ និងដាក់ចេញយុទ្ធសាស្ត្រថ្មី នៅតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ដើម្បីទប់ស្កាត់ការអភិវឌ្ឍ របស់ប្រទេសចិន ទង្វើរបស់អាមេរិក សុទ្ធតែផ្ទុយនឹងពាក្យសន្យារបស់ខ្លួន ដែលបានបង្កបង្កើត ជាឧបសគ្គកាន់តែច្រើន ក្នុងដំណើរធ្វើឱ្យទំនាក់ទំនងរវាងចិន និងអាមេរិក វិលទៅរកផ្លូវត្រឹមត្រូវឡើងវិញ ។

ក្នុងកិច្ចជំនួបជាន់ខ្ពស់រវាងចិន និងអាមេរិកលើកនេះ ប្រទេសចិនបានអធិប្បាយម្តងទៀត នូវគោលជំហររបស់ចិន អំពីបញ្ហាពាក់ព័ន្ធនឹងតៃវ៉ាន់ ស៊ីនជាំង ស៊ីចាំងនិងហុងកុងជាដើម ដោយបានលើកឡើងថា បញ្ហាទាំងនេះពាក់ព័ន្ធ ដល់ផលប្រយោជន៍ ជាស្នូលរបស់ចិន ជាកិច្ចការផ្ទៃក្នុងរបស់ចិន មិនអនុញ្ញាតឱ្យកម្លាំងខាងក្រៅ មកជ្រៀតជ្រែកបានទេ រាល់ឧបាយកល ដែលចង់ដាក់សម្ពាធទៅលើចិន ដោយយកបញ្ហាទាំងនេះធ្វើជាលេស សុទ្ធតែនឹងទទួលបរាជ័យ ជាក់ជាមិនខាន ។ នេះជាការព្រមាន យ៉ាងម៉ឺងម៉ាត់ និងយ៉ាងជាក់លាក់ចំពោះអាមេរិក ហើយក៏ជាខ្សែបន្ទាត់ក្រហមរបស់ចិន ក្នុងទំនាក់ទំនងរវាងចិន និងអាមេរិកផងដែរ ។

ក្នុងនាមជាទំនាក់ទំនងទ្វេភាគីដ៏សំខាន់បំផុត នៅលើពិភពលោក ទំនាក់ទំនងរវាងចិន និងអាមេរិក មានសារសំខាន់ លើសពីក្របខណ្ឌទ្វេភាគី ដែលមានទំនួលខុសត្រូវពិសេស ក្នុងការគាំពារសន្តិភាព និងស្ថិរភាពពិភពលោក ។ បច្ចុប្បន្ននេះ ស្ថានការណ៍នៅអ៊ុយក្រែន ជាបញ្ហាដែលសហគមន៍អន្តរជាតិ យកចិត្តទុកដាក់បំផុត កិច្ចជំនួបជាន់ខ្ពស់រវាងចិន និងអាមេរិកលើកនេះ ក៏បានធ្វើការផ្លាស់ប្តូរ អំពីបញ្ហានេះផងដែរ ។ ប្រទេសចិន បានខិតខំប្រឹងប្រែង ជំរុញកិច្ចចរចា ដោយសន្តិភាព សហគមន៍អន្តរជាតិគួរតែរួមគ្នា ផ្តល់ការគាំទ្រ ដល់កិច្ចចរចាសន្តិភាព រវាងរុស្ស៊ី និងអ៊ុយក្រែន ក្នុងន័យទទួលបានសមិទ្ធផល ពិតប្រាកដក្នុងពេលឆាប់ៗ ដើម្បីជំរុញឱ្យស្ថានការណ៍អ៊ុយក្រែន បញ្ចុះកម្តៅឆាប់ៗ ។

ក្នុងនាមជាអ្នកបង្កវិបតិ្តអ៊ុយក្រែន អាមេរិកគួរតែស្តាប់ឱ្យបានល្អ នូវសំណើទាំងនេះ និងអនុវត្តវិធានការណ៍ជាក់ស្តែង ដើម្បីដោះស្រាយវិបត្តិអ៊ុយក្រែន តែមិនមែនធ្វើផ្ទុយគ្នា រហូតដល់ផ្សព្វផ្សាយព័ត៌មានមិនពិត ដើម្បីមួលបង្កាច់ និងលាបព័ណ៌លើគោលជំហរ របស់ចិនឡើយ ។

“ក្នុងរយៈពេល៥០ឆ្នាំខាងមុខ កិច្ចការសំខាន់ជាងគេ ក្នុងទំនាក់ទំនងអន្តរជាតិ គឺចិននិងអាមេរិកចាំបាច់ ត្រូវរកបានផ្លូវត្រឹមត្រូវសម្រាប់រួមរស់នៅជាមួយគ្នា ។” ភាគីទាំងពីរចិននិងអាមេរិក គួរតែយល់ដឹងនិងប្រកាន់ខ្ជាប់ពាក្យ សំដីរបស់លោក Xi Jinping ប្រធានរដ្ឋចិនដូចពោលខាងលើនេះ ព្រមទាំងធ្វើកិច្ចខិតខំប្រឹងប្រែងជាមួយគ្នា ។ បន្ទាប់ពីបញ្ចប់កិច្ចជំនួប នៅក្រុងរ៉ូម អាមេរិក ត្រូវដើរស្របតាមទិសដៅ ជាមួយប្រទេសចិន និងអនុវត្តពាក្យសន្យារបស់លោក បៃដិន ប្រធានាធិបតីអាមេរិក យ៉ាងប្រាកដប្រជា ដើម្បីទទួលបានការជឿទុកចិត្ត ពីប្រជាជនចិន និងទទួលបានការជឿទុកចិត្ត ពីសហគមន៍អន្តរជាតិតាមរយៈ ការអនុវត្តជាក់ស្តែងរបស់ខ្លួន ៕

To Top