ព័ត៌មានអន្តរជាតិ

សារព័ត៌មាន៖ ប្រទេស អារ៉ាប៊ីសាអូឌីត កំពុងពិចារណាលក់ប្រេងរបស់ខ្លួនទៅឱ្យចិន ដោយគិតជាប្រាក់យន់ ហើយទាត់ចោល ប្រាក់ដុល្លារអាមេរិក

បរទេស៖ ប្រទេស អារ៉ាប៊ីសាអូឌីត កំពុងពិចារណាលក់ប្រេងមួយចំនួនរបស់ខ្លួនទៅឱ្យប្រទេសចិន ដោយគិតជាប្រាក់យន់ ជាជាងគិតជាប្រាក់ដុល្លារ ។ អ្នកដែលដឹងពីបញ្ហានេះបានប្រាប់កាសែត Wall Street Journal កាលពីថ្ងៃអង្គារដោយលើកឡើងពី “កិច្ចពិភាក្សាសកម្ម” រវាងរដ្ឋាភិបាលទីក្រុងរីយ៉ាដ និង រដ្ឋាភិបាលទីក្រុងប៉េកាំង។

យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២ បានឱ្យដឹងថា ការពិចារណានេះ អាចកាត់បន្ថយបន្ថែមទៀតនូវគំរូ petrodollar ដែលបានគ្រប់គ្រងប្រព័ន្ធហិរញ្ញវត្ថុសកលអស់រយៈពេលជាងកន្លះសតវត្ស ដោយដាក់ស្ថានភាពប្រាក់ដុល្លារជារូបិយប័ណ្ណបម្រុងអន្តរជាតិដែលមានហានិភ័យ។

ប្រទេសចិនទិញជាងមួយភាគបួន នៃប្រេងដែលនាំចេញដោយប្រទេសអារ៉ាប៊ីសាអូឌីត មានន័យថា ការកំណត់កិច្ចព្រមព្រៀងទាំងនោះជាប្រាក់យន់ គឺនឹងបង្កើនទម្រង់រូបិយប័ណ្ណអន្តរជាតិរបស់ចិនយ៉ាងខ្លាំង។

បច្ចុប្បន្ននេះ ៨០% នៃការលក់ប្រេងទូទាំងពិភពលោកត្រូវបានផ្ទេរជាប្រាក់ដុល្លារ ដោយប្រទេសអារ៉ាប៊ីសាអូឌីតបានធ្វើការជួញដូរផ្តាច់មុខជារូបិយប័ណ្ណសហរដ្ឋអាមេរិកចាប់តាំងពីឆ្នាំ ១៩៧៤ នៅពេលដែលទីក្រុងវ៉ាស៊ីនតោន បានផ្តល់ការធានាសន្តិសុខដល់ទីក្រុង រីយ៉ាដ ជាថ្នូរនឹងភាពស្មោះត្រង់របស់ខ្លួនចំពោះប្រព័ន្ធប្រេងឥន្ធនៈ៕ប្រែសម្រួលៈ ណៃ តុលា

To Top