វ៉ាស៊ីនតោន៖ មន្ត្រីរដ្ឋបាលអាមេរិកបានឲ្យដឹងថា សហរដ្ឋអាមេរិក អាចប្រឈមមុខនឹងរលកមួយទៀត នៃការឆ្លងជំងឺកូវីដ-១៩ ក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ ដោយព្រមានថា ប្រទេសនេះនឹងមិនមាន ការចាក់ថ្នាំបង្ការរោគគ្រប់គ្រាន់ និងការព្យាបាលសង្គ្រោះជីវិត គ្រប់គ្រាន់នោះទេ ប្រសិនបើសភាសហរដ្ឋអាមេរិក បរាជ័យក្នុងការអនុម័តច្បាប់ ផ្តល់មូលនិធិជំងឺរាតត្បាត។
សេតវិមានកំពុងជំរុញឱ្យសភាអនុម័ត ២២,៥ ពាន់លានដុល្លារអាមេរិក នៅក្នុងការចំណាយលើជំងឺកូវីដ-១៩ ដោយព្រមានថា ប្រទេសនេះកំពុងអស់ប្រាក់ ដើម្បីប្រយុទ្ធប្រឆាំង នឹងវីរុសហើយ នេះបើយោងតាមរបាយការណ៍ របស់ CNBC ។
របាយការណ៍នេះបានឲ្យដឹងថា ប្រទេសនេះអាចប្រឈមមុខ នឹងរលកមួយទៀត នៃការឆ្លងជំងឺកូវីដ-១៩ ក្នុងប៉ុន្មានខែខាងមុខ បើទោះបីជាករណីថ្មី និងការសម្រាកព្យាបាល នៅមន្ទីរពេទ្យ បានធ្លាក់ចុះយ៉ាងខ្លាំង ពីកម្រិតកំពូលនៃការកើនឡើង នូវទម្រង់ឆ្លងអូមីក្រុង ដែលមិនធ្លាប់មានពីមុនមក នៅក្នុងខែមករា។
យោងតាមរបាយការណ៍ បានឲ្យដឹងទៀតថា មន្ត្រីទាំងនោះបានព្រមានថា ការផ្តល់មូលនិធិ គឺចាំបាច់ជាបន្ទាន់ ដើម្បីឆ្ពោះទៅមុខរលក នៃជំងឺកូវីដ-១៩ មួយផ្សេងទៀត៕ ប្រែសម្រួល ឈូក បូរ៉ា