ព័ត៌មានអន្តរជាតិ

Updated ៖ ICJ បញ្ជាឲ្យរុស្ស៊ី ផ្អាកការឈ្លានពាន មកលើអ៊ុយក្រែន

ឡាអេ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មាន ឲ្យដឹងនៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២ថា តុលាការកំពូល របស់អង្គការសហប្រជាជាតិ កាលពីថ្ងៃពុធ បានបញ្ជាឱ្យរុស្ស៊ី ផ្អាកការឈ្លានពានរបស់ខ្លួន លើអ៊ុយក្រែន ដោយលើកឡើងថា វាមាន “ការព្រួយបារម្ភយ៉ាងខ្លាំង” ចំពោះការប្រើប្រាស់ កម្លាំងរបស់ក្រុងម៉ូស្គូ ។

ទីក្រុង គៀវ បានសាទរសាលក្រមនេះថាជា “ជ័យជម្នះ ពេញលេញ” ដោយលើកឡើងថា ខ្លួននឹងបន្តបន្តសំណុំរឿងនេះ “រហូតដល់ប្រជាជនអ៊ុយក្រែន អាចត្រឡប់ទៅរក ជីវិតធម្មតាវិញ” ។

ការកាត់ក្តីរបស់តុលាការយុត្តិធម៌អន្តរជាតិ បានកើតឡើង នៅពេលដែលកងកម្លាំង របស់ទីក្រុងមូស្គូ នៅតែស្ថិតនៅជុំវិញទីក្រុងសំខាន់ៗ រួមទាំងរដ្ឋធានីអ៊ុយក្រែន ហើយអង្គការសហប្រជាជាតិ បាននិយាយថាមនុស្ស ជាង៣លាននាក់ បានរត់គេចពីការប្រយុទ្ធគ្នា ។

ទីក្រុង គៀវ បានអូសទាញទីក្រុង មូស្គូ នៅមុខតុលាការ ហៅកាត់ ICJ ដែលមានមូលដ្ឋាននៅទីក្រុងឡាអេ ប៉ុន្មានថ្ងៃ បន្ទាប់ពីការលុកលុយ របស់រុស្ស៊ីនៅថ្ងៃទី២៤ ខែកុម្ភៈ។

វាបានស្នើឱ្យស្ថាប័នច្បាប់ ជួយអន្តរាគមន៍ ដោយលើកឡើងថា ទីក្រុងម៉ូស្គូ កំពុងចោទប្រកាន់ពីបទប្រល័យ ពូជសាសន៍នៅក្នុងតំបន់ Donetsk និង Luhansk របស់ប្រទេសអ៊ុយក្រែន ដើម្បីបង្ហាញពីភាពត្រឹមត្រូវ នៃការវាយប្រហាររបស់ខ្លួន ។

ទីក្រុង គៀវ ចង់បានវិធានការជាបន្ទាន់ ដើម្បីបញ្ឈប់ការប្រយុទ្ធគ្នា ដែលទីភ្នាក់ងារសិទ្ធិមនុស្ស របស់អង្គការសហប្រជាជាតិ បានអះអាងថា ជនស៊ីវិលយ៉ាងហោចណាស់១,៨៣៤នាក់ បានស្លាប់បាត់បង់ជីវិត ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top