ព័ត៌មានអន្តរជាតិ

កូរ៉េខាងត្បូង រកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីកើនឡើងខ្ពស់បំផុត មិនធ្លាប់មាន រហូតដល់ទៅ ជាង៦០ម៉ឺននាក់

សេអ៊ូល ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២ថា អាជ្ញាធរសុខាភិបាល កូរ៉េខាងត្បូង បានឲ្យដឹង កាលពីថ្ងៃព្រហស្បតិ៍ថា ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ បានកើនឡើងខ្ពស់បំផុត ចំនួន ៦២១.៣២៨នាក់ គិតត្រឹមពាក់កណ្តាល អធ្រាត្រថ្ងៃពុធ បើធៀបនឹងរយៈពេល ២៤ម៉ោងមុន ដោយបានបង្កើនចំនួនអ្នកឆ្លងសរុបដល់៨.២៥០.៥៩២នាក់ ។

យោងតាមទីភ្នាក់ងារគ្រប់គ្រង និងបង្ការជំងឺកូរ៉េ ហៅ កាត់ថា (KDCA) បានឱ្យដឹងថា ករណីផ្ទុកជំងឺប្រចាំថ្ងៃ បានកើនឡើងយ៉ាងខ្លាំង ពី៤០០.៧១១នាក់នៅថ្ងៃមុន ដែលកើនឡើងដល់ ៦០០.០០០នាក់ជាលើកដំបូង ។

ការកើនឡើងវិញនាពេលថ្មីៗនេះ ត្រូវបានជំរុញឲ្យដោយការឆ្លង នៅក្នុងតំបន់ទីក្រុងសេអ៊ូល ចំពេលមានការរីករាលដាល នៃវីរុសបំប្លែងខ្លួនថ្មី Omicron ។

ក្នុងចំណោមករណីថ្មី ចំនួន១២៨.៣៧៥នាក់ គឺជាអ្នករស់នៅទីក្រុងសេអ៊ូល ។ ចំនួនអ្នកឆ្លងថ្មីដែលរស់នៅក្នុងខេត្ត Gyeonggi និងទីក្រុងកំពង់ផែភាគ ខាងលិច Incheon គឺ១៨១.៩៨៣នាក់ និង៣២.៩៦៤នាក់ ។

គួរបញ្ជាក់ថា មេរោគនេះក៏រីករាលដាល នៅក្នុងតំបន់មិនមែនទីប្រជុំជនដែរ ។ ចំនួននៃការឆ្លងថ្មីនៅក្នុងតំបន់ មិនមែនរាជធានីគឺ២៧៧.៩៤៤នាក់ ឬស្មើនឹង៤៤,៧ភាគរយនៃការឆ្លងក្នុងស្រុកសរុប ។

ក្នុងចំណោមករណីថ្មីនេះ មាន៦២ករណី ត្រូវបាននាំចូលពីបរទេស ដែលធ្វើឱ្យចំនួនសរុបកើន ដល់៣០.៥៣៧នាក់ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top