បរទេស៖ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Zhao Lijian បាននិយាយក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃសុក្រថា រដ្ឋាភិបាលទីក្រុងប៉េកាំង រក្សាជំហរ “ឯករាជ្យ” លើវិបត្តិអ៊ុយក្រែន។ ការកត់សម្គាល់នេះបានធ្វើឡើងក្នុងការឆ្លើយតបទៅនឹងការគំរាមកំហែងដែលធ្វើឡើងដោយរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken ដែលបានព្រមានប្រទេសចិនកាលពីថ្ងៃព្រហស្បតិ៍ថា រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោននឹង “ដាក់ចេញវិធានការចំណាយ” លើចិនប្រសិនបើទីក្រុងប៉េកាំងជ្រើសរើសគាំទ្រទីក្រុងម៉ូស្គូ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅល្ងាចថ្ងៃសុក្រ ទី១៨ ខែមីនា ឆ្នាំ២០២២ ថា លោក Lijian បាននិយាយថា “នៅលើបញ្ហាអ៊ុយក្រែន ប្រទេសចិនបានធ្វើការវិនិច្ឆ័យដោយឯករាជ្យដោយផ្អែកលើគុណសម្បត្តិនៃបញ្ហានេះដោយខ្លួនឯងផ្ទាល់ក្នុងគោលបំណង និងយុត្តិធម៌”។
អ្នកការទូតចិនរូបនេះក៏បានសង្កត់ធ្ងន់ថា សម្ពាធពីទីក្រុងវ៉ាស៊ីនតោននឹងមិនធ្វើឱ្យទីក្រុងប៉េកាំងផ្លាស់ប្តូរជំហររបស់ខ្លួនឡើយ។ លោកបានបន្ថែមថា មន្ត្រីអាមេរិកមួយចំនួននៅតែព្យាយាមផ្សព្វផ្សាយព័ត៌មានមិនពិតទាក់ទងនឹងជំហររបស់ប្រទេសចិន ដែលជាអ្វីដែល លោក Lijian ពិពណ៌នាថា មិនមានការទទួលខុសត្រូវ និងមិនអំណោយផលដល់ការដោះស្រាយវិបត្តិ៕ប្រែសម្រួលៈ ណៃ តុលា