បរទេស៖យោងតាមការចេញផ្សាយ របស់ទូរទស្សន៍ BBC បានឲ្យដឹងថា មនុស្សយ៉ាងហោចណាស់៦នាក់ បានបាត់បង់ជីវិត នៅក្នុងហេតុការណ៍មួយ ដែលរថយន្តមួយគ្រឿង បានបើកបរបំបុកសំដៅ ក្រុមមនុស្សជាច្រើននាក់ នៅក្នុងទីក្រុងភាគខាងត្បូង នៃប្រទេសប៊ែលហ្ស៊ិក។
ហេតុការណ៍ដែលបានកើតឡើង នៅទីក្រុង Strepy-Bracquegnies ចំងាយប្រមាណជា ៥០គីឡូម៉ែត្រពីរដ្ឋធានី Brusesels ហើយគេជឿជាក់ថា រថយន្តនេះ បានធ្វើដំណើរក្នុងល្បឿន អតិបរិមាបើកសំដៅក្រុមមនុស្ស ប្រមាណជា ១៥០ទៅ២០០នាក់ ដែលកំពុងរៀបចំ ធ្វើក្បួនដង្ហែមួយនៅទីនោះ។
ក្រៅតែពីមនុស្សស្លាប់ហើយនោះ មនុស្សប្រមាណជា៤០នាក់ទៀត បានទទួលរងរបួសផងដែរ និងច្រើននាក់កំពុងស្ថិតនៅក្នុងភាពធ្ងន់ធ្ងរ នេះបើយោងតាមការបញ្ជាក់បន្ថែម ដោយលោកអភិបាលក្រុង។
ការស៊ើបអង្កេតនិងវាយតម្លៃ ទៅលើហេតុការណ៍នេះ កំពុងត្រូវបានធ្វើឡើងដោយក្រុមអ្នកជំនាញ ប៉ុន្តែក្រុមមន្ត្រីប៉ូលីសបានអះអាងថា វាគឺមិនមែនជាសកម្មភាព ក្នុងគោលបំណង នៃក្រុមភេវរកម្មឡើយ ខណៈដែលអ្នកបើកបរ និងមនុស្សផ្សេងទៀត ដែលនៅក្នុងរថយន្ត ត្រូវបានចាប់ខ្លួនរួចរាល់ផងដែរ៕ ប្រែសម្រួល៖ស៊ុនលី