ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីអ៊ុយក្រែន៖ កិច្ចចរចា គឺជាផ្លូវតែមួយគត់ ដើម្បីបញ្ចប់សង្គ្រាម

គៀវ៖ ប្រធានាធិបតី អ៊ុយក្រែនលោក Volodymyr Zelenskyy បានធ្វើការអង្វរជាថ្មី សម្រាប់កិច្ចពិភាក្សាជាមួយសមភាគីរុស្ស៊ី ដោយលោកបានទៅកាន់ ទូរទស្សន៍អាមេរិក ដោយលើកឡើងថា ការចរចា គឺជាមធ្យោបាយតែមួយគត់ ដើម្បី “បញ្ចប់សង្រ្គាមនេះ” ។

លោកបានសង្កត់ធ្ងន់ថា លោក និងប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន គឺជាអ្នកដឹកនាំតែមួយគត់ ដែលអាចឈានដល់កិច្ចព្រមព្រៀងដើម្បីបញ្ឈប់ការប្រយុទ្ធគ្នា ដែលឥឡូវនេះស្ថិតនៅក្នុងសប្តាហ៍ទី៤ របស់ខ្លួនហើយ។

ប៉ុន្តែ លោក បាន ផ្តល់ សញ្ញា ថា លោក នឹង ដាក់ ខ្សែ ក្រហម ប្រឆាំង នឹង ទឹកដី អ៊ុយក្រែន ដែល បាន ប្រគល់ ឲ្យ រួម ទាំង តំបន់ ផ្តាច់ខ្លួន ដែល គាំទ្រ ក្រុង ម៉ូស្គូ ចំនួន ពីរនៅភគាខាងកើតប្រទេស នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន។

លោក Zelenskyy បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន CNN ឲ្យដឹងថា “ខ្ញុំបានត្រៀមខ្លួនរួចជាស្រេច សម្រាប់ការចរចាជាមួយលោកពូទីន” ។ មេដឹកនាំអ៊ុយក្រែនបានឲ្យដឹងតាមរយៈអ្នកបកប្រែថា “ខ្ញុំគិតថាបើគ្មានការចរចាទេ យើងមិនអាចបញ្ចប់សង្រ្គាមនេះបានទេ”។

ការអំពាវនាវជាថ្មីរបស់លោក Zelensky ឱ្យមានការចរចាសន្តិភាពបានកើតឡើង ខណៈដែលលោក និងប្រជាជនអ៊ុយក្រែនផ្សេងទៀត បានចោទប្រកាន់រុស្ស៊ីថា បានប្រព្រឹត្តឧក្រិដ្ឋកម្មសង្គ្រាម បន្ទាប់ពីអាជ្ញាធរបានលើកឡើងថា កងកម្លាំងឈ្លានពានបានទម្លាក់គ្រាប់បែក លើសាលារៀនមួយកន្លែង ដែលមានមនុស្សប្រហែល ៤០០នាក់នៅក្នុងទីក្រុង Mariupol ដែលត្រូវបានឡោមព័ទ្ធ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top