បរទេស៖ ក្រុមឧទ្ទាមនៅប្រទេសយេម៉ែន បានវាយប្រហារទីតាំងថាមពល របស់ប្រទេសអារ៉ាប៊ីសាអូឌីត និងរោងចក្រចម្រាញ់ប្រេង ជាមួយនឹងការវាយប្រហារ ជាបន្តបន្ទាប់ដោយគ្រាប់មីស៊ីល និងយន្តហោះគ្មានមនុស្សបើក កាលពីថ្ងៃអាទិត្យ ដែលបណ្តាលឱ្យ មានការកាត់បន្ថយ ផលិតកម្មបណ្តោះអាសន្ន។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២ បានឱ្យដឹងថា សមាជិកនៃចលនាឧទ្ទាម Houthi បានវាយប្រហារទៅលើមូលដ្ឋានដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុន Yanbu Aramco Sinopec Refining Company ដែលជាក្រុមហ៊ុនបណ្តាក់ទុនរួមគ្នារវាង Saudi Aramco និង China Petrochemical Corporation (Sinopec) និងក្រុមហ៊ុនថាមពលផ្សេងទៀតជាមួយនឹងការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក និងមីស៊ីល។
អំឡុងពេលបាញ់ផ្លោងនោះ គឺផ្ទះជនស៊ីវិលត្រូវបានគេចោទថាបានរងការខូចខាត ក៏ប៉ុន្តែមិនមានអ្នករងរបួសត្រូវបានរាយការណ៍ឡើយ។
ក្រសួងថាមពលអារ៉ាប៊ីសាអូឌីតបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ការវាយលុកលើអគាររោងចក្រ Yasref បាននាំឱ្យមានការថយចុះជាបណ្តោះអាសន្ននៃផលិតកម្មរបស់រោងចក្រក្នុងការចម្រាញ់ប្រេង” ទោះបីជាបានបន្ថែមថាការកាត់បន្ថយនេះនឹង “ផ្តល់សំណងពីសារពើភ័ណ្ឌ” ក៏ដោយ៕
ប្រែសម្រួលៈ ណៃ តុលា