ព័ត៌មានអន្តរជាតិ

ប្រទេសចិន មិនបញ្ជូនអាវុធ ឬគ្រាប់កាំភ្លើង ទៅឱ្យរុស្ស៊ី ឬអ៊ុយក្រែនឡើយ

បរទេស៖ លោក Qin Gang ឯកអគ្គរដ្ឋទូតចិនប្រចាំសហរដ្ឋអាមេរិក បាននិយាយថា ទីក្រុងប៉េកាំងនឹងធ្វើការ ដើម្បីសម្រេចបានសន្តិភាព រវាងរុស្ស៊ី និងអ៊ុយក្រែន ជាជាងការបញ្ជូនអាវុធ ទៅភាគីណាមួយនៅក្នុងជម្លោះ។ រុស្ស៊ីបានវាយប្រហារអ៊ុយក្រែន នៅថ្ងៃទី ២៤ ខែកុម្ភៈ ដោយវាយលុកទៅលើក្រុងគៀវ និងទីក្រុងផ្សេងទៀត ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២ បានឱ្យដឹងដោយផ្អែក តាមការលើកឡើងរបស់លោក Qin Gang ក្នុងពេលបង្ហាញមុខនៅលើកញ្ចក់ទូរទស្សន៍ CBS News ‘Face the Nation នៅថ្ងៃអាទិត្យថា ប្រទេសចិន នឹងមិនបញ្ជូនអាវុធ ឬគ្រាប់រំសេវទៅរុស្ស៊ី ឬអ៊ុយក្រែនទេ ។

លោកបានបន្ថែមថា “យើងនឹងធ្វើអ្វីគ្រប់យ៉ាង ដើម្បីកាត់បន្ថយវិបត្តិ” ។ រដ្ឋាភិបាល ទីក្រុងប៉េកាំងបានបដិសេធ មិនថ្កោលទោសទីក្រុងមូស្គូ សម្រាប់យុទ្ធនាការយោធា របស់ខ្លួនក្នុងប្រទេសអ៊ុយក្រែន ហើយមិនដូចបណ្តាប្រទេសលោកខាងលិច ជាច្រើន និងសម្ព័ន្ធមិត្តមួយចំនួនរបស់ពួកគេ , ចិនមិនបានដាក់ទណ្ឌកម្មណាមួយលើប្រទេសរុស្ស៊ីនោះទេ ។ ជំហររឹងទទឹងរបស់ទីក្រុងប៉េកាំង បានជំរុញឱ្យសេតវិមានព្រមានអំពី “ផលវិបាក” ប្រសិនបើវាជួយក្រុងម៉ូស្គូឱ្យគេចផុតពីទណ្ឌកម្ម តាមគ្រប់មធ្យោបាយ ៕ប្រែសម្រួលៈ ណៃ តុលា

To Top