ព័ត៌មានអន្តរជាតិ

Updated៖ EU បែងចែកលើការដាក់ទណ្ឌកម្មប្រេងរបស់រុស្ស៊ី និងពិចារណាទៅតាមដំណាក់កាលផ្សេងៗទៀត

ប្រ៊ុចស៊ែល៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មាននៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២ថា រដ្ឋមន្ត្រីការបរទេសរបស់សហភាពអឺរ៉ុប កាលពីថ្ងៃចន្ទ បានខ្វែងគំនិតគ្នា លើ ថាតើ និងរបៀបដាក់ទណ្ឌកម្មលើវិស័យថាមពលដែលរកបានរបស់រុស្ស៊ី ជុំវិញការឈ្លានពានមកលើប្រទេសអ៊ុយក្រែន ដោយប្រទេសអាល្លឺម៉ង់ បានលើកឡើងថា ប្លុកនេះគឺពឹងផ្អែកខ្លាំងពេកលើប្រេងរបស់រុស្ស៊ីក្នុងការសម្រេចចិត្តដើម្បីធ្វើការហ៊ុមមព័ទ្ធ ។

សហភាពអឺរ៉ុប ហៅកាត់ (EU)និងសម្ព័ន្ធមិត្តបានដាក់ចេញនូវវិធានការណ៍ដ៏តឹងរឹងប្រឆាំងនឹងរុស្ស៊ីរួចហើយ រួមទាំងការបង្កកទ្រព្យសម្បត្តិរបស់ធនាគារកណ្តាលរបស់ខ្លួនទៀតផង ។

ការឡោមព័ទ្ធ និងទម្លាក់គ្រាប់បែករបស់រុស្ស៊ី មកលើក្រុងកំពង់ផែ Mariupol ដែលប្រធានគោលនយោបាយការបរទេសរបស់ EU លោក Josep Borrell បានហៅថា ជា “ឧក្រិដ្ឋកម្មសង្គ្រាមដ៏ធំមួយ” កំពុងបង្កើនសម្ពាធសម្រាប់សកម្មភាព។

ប៉ុន្តែការកំណត់គោលដៅនាំចេញថាមពលរបស់រុស្ស៊ី ដូចដែលសហរដ្ឋអាមេរិក និងអង់គ្លេស បានធ្វើនោះ គឺជាជម្រើសបែកខ្ញែកសម្រាប់សហភាពអឺរ៉ុបទាំង២៧ ដែលពឹងផ្អែកលើប្រទេសរុស្ស៊ី សម្រាប់ឧស្ម័នប្រមាណ៤០ភាគរយ ។

អ្នកខ្លះដែលចង់ឱ្យសហភាពអឺរ៉ុបដើរទៅមុខទៀតបានបង្ហាញភាពមិនអត់ធ្មត់ចំពោះល្បឿននៃការចរចាបន្ទាប់ពីកិច្ចប្រជុំរបស់រដ្ឋមន្ត្រីការបរទេសសហភាពអឺរ៉ុបនៅទីក្រុងប្រ៊ុចស៊ែល ។

រដ្ឋមន្ត្រីការបរទេសលីទុយអានី លោក Gabrielius Landsbergis បានលើកឡើងនៅលើបណ្តាញសង្គម Twitter ថា “ហេតុអ្វីបានជាអឺរ៉ុបគួរតែផ្តល់ពេលឱ្យលោក ពូទីន បន្ថែមទៀតដើម្បីរកប្រាក់បន្ថែមពីប្រេង និងឧស្ម័ន យ៉ាងដូច្នេះ? ពេលវេលាកាន់តែច្រើនដើម្បីប្រើប្រាស់កំពង់ផែអឺរ៉ុប? ពេលវេលាកាន់តែច្រើនក្នុងការប្រើប្រាស់ធនាគាររុស្ស៊ី ដែលមិនមានទណ្ឌកម្មនៅអឺរ៉ុប? ដល់ពេលដើម្បីទាញយកកម្មវិធីជំនួយហើយ” ។

ប៉ុន្តែលោក Borrell បានប្រាប់ដល់សន្និសីទសារព័ត៌មានថា ខណៈដែលប្លុកនេះនឹង “បន្តឲ្យរុស្ស៊ីឯកោ” ការសម្រេចចិត្តជាក់ស្តែងនឹងត្រូវបានធ្វើឡើងនៅពេលក្រោយ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top