ម៉ូស្គូ៖ តុលាការក្រុងមូស្គូ បានសម្រេចហាមឃាត់ Facebook និង Instagram ក្នុងប្រទេសរុស្ស៊ី ដោយដាក់ស្លាកក្រុមហ៊ុនមេ នៃបណ្តាញសង្គមទាំងពីរ របស់ក្រុមហ៊ុន Meta Platforms Inc. ថាជាបណ្ដាញសង្គម “ជ្រុលនិយម”។
យោងតាមប្រព័ន្ធផ្សព្វផ្សាយ ក្នុងស្រុកបានឱ្យដឹងថា ការិយាល័យអគ្គរដ្ឋអាជ្ញា នៃប្រទេសរុស្ស៊ី បានឲ្យដឹងថា ពាក្យបណ្តឹងនេះមានគោលបំណង ការពារជនជាតិរុស្ស៊ីពី “ការរំលោភសិទ្ធិរបស់ពួកគេ” ។
រដ្ឋអាជ្ញាបានឲ្យដឹងថា ក្រុមហ៊ុន Meta បានបំពានច្បាប់របស់ខ្លួន ដោយអនុញ្ញាតឱ្យមានការបង្ហោះ នូវសុន្ទរកថាដ៏ឃោរឃៅ ចំពោះយោធារុស្ស៊ី ហើយបានព្រងើយកន្តើ យចំពោះសំណើជាង ៤៥០០សំណើរ ដើម្បីលុបព័ត៌មានក្លែងក្លាយ ស្តីពីប្រតិបត្តិការ យោធាពិសេសរបស់រុស្ស៊ី និងអំពាវនាវឱ្យមាន បាតុកម្មដោយគ្មានការអនុញ្ញាត។
សេចក្តីសម្រេចរបស់តុលាការ នឹងចូលជាធរមានភ្លាមៗ ប៉ុន្តែនឹងមិនប៉ះពាល់ ដល់កម្មវិធីផ្ញើសារ WhatsApp នោះទេ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
ក្រុមហ៊ុន Meta ក៏ត្រូវបានហាមឃាត់ មិនឱ្យធ្វើអាជីវកម្ម នៅក្នុងប្រទេសរុស្ស៊ីផងដែរ ខណៈដែលការិយាល័យអគ្គព្រះរាជអាជ្ញា និងសេវាសន្តិសុខសហព័ន្ធរបស់រុស្ស៊ី បានចោទប្រកាន់ សហរដ្ឋអាមេរិក ចំពោះសកម្មភាពដ៏ធំ ប្រឆាំងនឹងរុស្ស៊ី និងកងកម្លាំងប្រដាប់អាវុធរបស់ខ្លួន៕ ប្រែសម្រួល ឈូក បូរ៉ា
 
													
																							
 
																								
												
												
												 
						 
					 
						 
					 
						 
					 
								 
																						 
								 
																						 
								 
																						 
								 
																						 
								 
																						 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									