ព័ត៌មានអន្តរជាតិ

លោក Alexei Navalny អ្នករិះគន់វិមានក្រឹមឡាំង និងជាសត្រូវនយោបាយលោកពូទីន រកឃើញថា មានពិរុទ្ធភាព អាចនឹងជាប់ពន្ធនាគារបន្ថែមទៀត

ម៉ុស្គូ៖ លោក Alexei Navalny ដែលជាអ្នករិះគន់ជាញឹកញាប់ ចំពោះវិមានក្រឹមឡាំង និងជាសត្រូវនយោបាយ របស់ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ត្រូវបានតុលាការរុស្ស៊ី រកឃើញថាមានពិរុទ្ធភាព ដែលអាចនាំឱ្យមានការ ជាប់ពន្ធនាគារបន្ថែមទៀត។

ទីភ្នាក់ងារព័ត៌មាន Reuters បានរាយការណ៍ថា មេដឹកនាំគណបក្សប្រឆាំងរុស្ស៊ី ត្រូវបានគេរកឃើញថា មានពិរុទ្ធពីបទក្លែងបន្លំទ្រង់ទ្រាយធំ នៅថ្ងៃអង្គារនេះ ដែលអាចបន្ថែមពេលវេលាដល់ទៅ ១៣ឆ្នាំ ដល់ការកាត់ទោសដាក់ពន្ធនាគារ រយៈពេល ២ឆ្នាំកន្លះ ដែលគាត់កំពុងមានរួចហើយនោះ។

យោងតាមរបាយការណ៍ បានឱ្យដឹងថាលោក Navalny អាយុ ៤៥ឆ្នាំបានអះអាងថាការចោទប្រកាន់ និងការកាត់ទោសជាបន្តបន្ទាប់ គឺជាហេតុផលនយោបាយ ដែលរារាំងមហិច្ឆតានយោបាយរបស់លោក។

មេដឹកនាំបក្សប្រឆាំងរូបនេះ ក៏ប្រឈមមុខនឹងការផ្លាស់ប្តូរ ដ៏មានសក្តានុពលមួយ ទៅកាន់អាណានិគមព្រហ្មទណ្ឌ ដែលមានសុវត្ថិភាពអតិបរមា ដែលជាសំណើដែលព្រះរាជអាជ្ញា បានធ្វើជាពិសេសទៅកាន់តុលាការ។ ការសម្រេចចិត្តនេះ ត្រូវបានរំពឹងទុកនៅពេលក្រោយ៕

To Top