វ៉ាស៊ីនតោន៖ សហរដ្ឋអាមេរិក មិនអាចកំណត់បានថា តើរុស្ស៊ី បានតែងតាំង មេបញ្ជាការយោធា ដែលទទួលខុសត្រូវ ក្នុងការដឹកនាំសង្រ្គាម របស់ប្រទេសនៅអ៊ុយក្រែន ឬយ៉ាងណានោះទេ នេះបើយោងតាមប្រភពជាច្រើន ដែលដឹងពីបញ្ហានេះ ។
អ្វីមួយដែលមន្ត្រីការពារជាតិបច្ចុប្បន្ន និងអតីតមន្រ្តីការពារជាតិ បានឲ្យដឹងថា ទំនងជាអ្នករួមចំណែកដ៏សំខាន់ ដល់ភាពមិនច្បាស់លាស់ និងភាពមិនដំណើរការ នៃការវាយប្រហាររបស់រុស្ស៊ី។
យោងតាមមន្ត្រីការពារជាតិអាមេរិក ពីររូប បានឲ្យដឹងថា បើគ្មានមេបញ្ជាការកំពូល នៅតាមទីតាំងសង្គ្រាម ឬនៅជិតអ៊ុយក្រែនទេនោះ អង្គភាពមកពីយោធារុស្ស៊ី ផ្សេងៗគ្នា ដែលប្រតិបត្តិការនៅតំបន់ផ្សេងៗ នៃប្រទេសអ៊ុយក្រែន ហាក់ដូចជាកំពុងប្រកួតប្រជែង យកឈ្នះសង្គ្រាម ជាជាងការសម្របសម្រួល កិច្ចខិតខំប្រឹងប្រែងរបស់ពួកគេ។
ប្រភពទាំងនេះបានឲ្យដឹងថា អង្គភាពដែលចូលរួម ក្នុងការវាយលុករបស់រុស្ស៊ីផ្សេងៗគ្នា នៅទូទាំងប្រទេសអ៊ុយក្រែន បានបរាជ័យក្នុងការទាក់ទងគ្នា ហើយតាមពិតទៅ ហាក់ដូចជាកំពុងធ្វើសកម្មភាព ដោយឯករាជ្យ ដោយគ្មានការរចនាពីប្រតិបត្តិការ សង្គ្រាមរួមគ្នានោះឡើយ។
កងកម្លាំង រុស្ស៊ី ក៏ទំនងជាកំពុងមានបញ្ហា ទំនាក់ទំនងយ៉ាងសំខាន់។ ពេលខ្លះទាហាន និងមេបញ្ជាការបានប្រើប្រាស់ ទូរស័ព្ទដៃពាណិជ្ជកម្ម និងបណ្តាញដែលមិនមាន សុវត្ថិភាពផ្សេងទៀត ដើម្បីនិយាយគ្នា ដែលធ្វើឱ្យទំនាក់ទំនងរបស់ពួកគេ កាន់តែងាយស្រួលស្ទាក់ចាប់ និងជួយអ៊ុយក្រែនបង្កើតគោលដៅ សម្រាប់ការប្រឆាំង របស់ពួកគេផ្ទាល់៕ ប្រែសម្រួល ឈូក បូរ៉ា