ម៉ូស្គូ ៖ អ្នកនិពន្ធប្រលោមលោករុស្ស៊ី ដែលមានការទទួលស្គាល់ជាអន្តរជាតិ លោកស្រី Ludmila Ulitskaya បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Kyodo News ក្នុងបទសម្ភាសន៍ ជាលាយលក្ខណ៍អក្សរនាពេលថ្មីៗ នេះឲ្យដឹងថា ការលុកលុយ របស់រុស្ស៊ី លើអ៊ុយក្រែន “ថ្ងៃណាមួយនឹងត្រូវសរសេរ ទៅក្នុងសៀវភៅសិក្សា ដែលជាស្នាមប្រឡាក់ងងឹតបំផុត ក្នុងប្រវត្តិសាស្ត្ររុស្ស៊ី” ។
អ្នកនិពន្ធសហសម័យ វ័យ ៧៩ឆ្នាំរូបនេះ ដែលធ្លាប់បានបញ្ចេញមតិ ទៅកាន់ប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ី កាលពីចុងខែកុម្ភៈថា ទង្វើរបស់ប្រទេសខ្លួន បាននាំមកនូវ “ការឈឺចាប់ ការភ័យខ្លាច និង ការអាម៉ាស់” របស់លោកស្រីក៏បានហៅ ការឈ្លានពានខាង យោធាថាជា “ឧក្រិដ្ឋកម្ម ដែលត្រូវបានប្រព្រឹត្ត ក្នុងនាមប្រជាជនរុស្ស៊ី ប្រឆាំងនឹង ឆន្ទៈ របស់ យើង”។
លោកស្រី Ulitskaya បាននិយាយដោយសំដៅទៅលើប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀ ពូទីន ថា “ភាពឆ្កួតរបស់បុរសម្នាក់ និងអ្នកដើរតាមដ៏ស្មោះត្រង់ របស់លោក គ្រប់គ្រងជោគវាសនា របស់ប្រទេស” ។
លោកស្រីបានបន្ថែមថា លោកស្រីជឿថាការសម្រេច ចិត្តរបស់លោកពូទីន ក្នុងការឈ្លានពានអ៊ុយក្រែន ត្រូវបានលើកទឹកចិត្ត ដោយបទពិសោធន៍ជោគជ័យ របស់លោកក្នុងការបញ្ចូល ឧបទ្វីបគ្រីមៀ ជាឯកតោភាគីពីប្រទេសអ៊ុយក្រែនក្នុងឆ្នាំ២០១៤ ។
លោក ពូទីន មើលឃើញប្រទេសលោកខាងលិចថាជាអង្គភាព “ទន់ខ្សោយ” ដែលខ្វល់ខ្វាយតែពីប្រាក់ចំណេញ របស់ពួកគេប៉ុណ្ណោះ” ហើយបានគំរាមកំហែង ពួកគេជាមួយនឹងការគ្រប់គ្រងរបស់រុស្ស៊ី លើធនធានថាមពល និងការកាន់កាប់ អាវុធនុយក្លេអ៊ែរ ដែលនាំទៅដល់ការផ្គើននឹង ការថ្កោលទោសអន្តរជាតិ ៕ប្រែសម្រួល ឈូក បូរ៉ា